គ្មានអ្នករួចរស់ជីវិតនៅក្នុង គ្រោះថ្នាក់ឧទ្ធម្ភាគចក្រយោធាបុកយន្តហោះនៅវ៉ាស៊ីនតោន
ចេញផ្សាយថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២៥៖
ទីភ្នាក់ងារជាតិសុវត្ថិភាពដឹកជញ្ជូនរបស់អាមេរិកបានអះអាងនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ មករាថា គេរកឃើញប្រអប់ខ្មៅទាំងពីររបស់យន្តហោះដឹកអ្នកដំណើរ ដែលបានបុកផ្ទុះជាមួយឧទ្ធម្ភាគចក្រនៅអាកាសយានដ្ឋានRonald Reaganកាលពីយប់ថ្ងៃពុធ ទី២៩ មករា។ នៅក្នុងពេលរង់ចាំការវិភាគសំឡេង និងទិន្នន័យក្នុងប្រអប់ខ្មៅដើម្បីស្វែងរកមូលហេតុដែលធ្វើឲ្យកើតមានគ្រោះថ្នាក់ ក្រុមជួយសង្រ្គោះបាននិយាយថា គេស្រង់បានសាកសពមនុស្ស៤០នាក់ គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ ទី៣០ មករា និងជឿថា មនុស្សទាំងអស់ក្នុងយន្តហោះដែលមានអ្នកដំណើរ៦០នាក់ និងបុគ្គលិក៤នាក់ស្លាប់ទាំងអស់នៅក្នុងសោកនាដកម្ម បូករួមទាំងទាហាន៣នាក់ដែលមានវត្តមាននៅក្នុងឧទ្ធម្ភាគចក្រយោធា។

ហេតុការណ៍យន្តហោះដឹកអ្នកដំណើរ និងឧទ្ធម្ភាគចក្របុកគ្នានៅលើអាកាស និងផ្ទុះធ្លាក់ទៅក្នុងទឹកទន្លេនៅជាប់អាកាសយានដ្ឋានក្នុងរដ្ឋធានីវ៉ាស៊ីនតោនអាចសម្លាប់មនុស្សទាំងអស់៦៧នាក់។ យោងតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកអាមេរិកដែលបានស្រង់ប្រភពពីមន្រ្តីជួយសង្រ្គោះនៅនឹងកន្លែង គេស្រង់បានសាកសពមនុស្សជាង៤០នាក់ ខណៈយន្តហោះ American Eagle Flight លេខ 5342 របស់ក្រុមហ៊ុនអាកាសចរណ៍American Airlines ដឹកអ្នកដំណើរ៦០នាក់ និងបុគ្គលិកបម្រើការ ៤នាក់។ ចំណែកឧទ្ធម្ភាគចក្រយោធាមានផ្ទុកទាហាន៣នាក់។
នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ មករា ទីភ្នាក់ងារជាតិសុវត្ថិភាពដឹកជញ្ជូនរបស់អាមេរិកបានអះអាងពីការរកឃើញប្រអប់ខ្មៅទាំងពីររបស់យន្តហោះដឹកអ្នកដំណើរដែលគេយកទៅវិភាគនៅមន្ទីរពិសោធន៍ដើម្បីដឹងពីមូលហេតុដែលធ្វើឲ្យឧទ្ធម្ភាគចក្រនិង យន្តហោះដឹកអ្នកដំណើរបើកបុកគ្នានៅពីលើអាកាសព្រលានយន្តហោះRonald Reagan។
នៅក្នុងពេលរង់ចាំលទ្ធផលស្រាវជ្រាវរបស់ក្រុមស៊ើបអង្កេត កាសែតអាមេរិកNew York Times បានចុះផ្សាយថា នៅយប់កើតហេតុ ប៉មត្រួតពិនិត្យការហោះហើរនៅអាកាសយានដ្ឋានមានបញ្ហាខ្វះបុគ្គលិក។ តាមរដ្ឋបាលអាកាសចរណ៍ស៊ីវិលសហព័ន្ធដែលកាសែត Times បានដកស្រង់សំដីកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ មករាបានឲ្យដឹងថា ជាជាងមានបុគ្គលិកប្រចាំការ២នាក់ គឺមានតែបុគ្គលិកម្នាក់ប៉ុណ្ណោះដែលធ្វើការ។ បុគ្គលិកម្នាក់នោះបែរជាត្រូវចាត់ការគ្រប់គ្រងតែម្នាក់ឯងក្នុងពេលតែមួយ ទាំងការហោះហើររបស់យន្តហោះដឹកអ្នកដំណើរ និងការហោះហើររបស់ឧទ្ធម្ភាគចក្រ។
ចំពោះអ្នកជំនាញខាងអាកាសចរណ៍ស៊ីវិលអាមេរិក ការងារត្រួតពិនិត្យចរាចរណ៍ហោះហើរនៅអាកាសយានដ្ឋានRonald Reagan នៅរដ្ឋធានីវ៉ាស៊ីនតោនទាមទារឲ្យមានការគ្រប់គ្រងម៉ត់ចត់បំផុត ព្រោះថាការធ្វេសប្រហែសតែមួយប៉ព្រិចភ្នែកនឹងអាចឲ្យមានគ្រោះថ្នាក់ធំ។ គេហ៊ាននិយាយយ៉ាងដូច្នេះ ព្រោះអាកាសយានដ្ឋានRonald Reagan ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីវិមានកាពីតូល និងពីសេតវិមាន គឺជាអាកាសយានដ្ឋានដែលមមាញឹកបំផុតដោយនៅលើមេឃពីលើអាកាសយានដ្ឋានមានសំបូរការហោះហើរខ្វាត់ខ្វែង មិនដាច់ដោយយន្តហោះដឹកអ្នកដំណើរ ឧទ្ធម្ភាគចក្រយោធា និងឧទ្ធម្ភាគចក្រតាមដានសុវត្ថិភាពសន្តិសុខបរិវេណស្ថាប័នរដ្ឋដែលស្ថិតក្បែរនោះ។
មួយវិញទៀត នៅថ្ងៃអង្គារ ទី២៨ មករា ពោលមួយថ្ងៃមុនកើតហេតុនៅអាកាសយានដ្ឋានRonald Reagan ដដែលនេះ មានយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានសាកល្បងចុះចតជាលើកទី២ បន្ទាប់ពីប្រទះឃើញឧទ្ធម្ភាគចក្រហោះក្បែរកៀកខ្លាំងនឹងផ្លូវចុះចតរបស់ខ្លួននៅក្នុងការប៉ុនប៉ងចុះចតលើកទី១។
នៅក្នុងពេលអាជ្ញាធរកំពុងស៊ើបអង្កេតលើប្រអប់ខ្មៅ លោកដូណាល់ ត្រាំបានធ្វើសន្និសីទកាសែតទាញភ្ជាប់នយោបាយចម្រុះរបស់រដ្ឋបាលលោកចូ បៃដិន ទៅលើនឹងគ្រោះថ្នាក់យន្តហោះកាលពីយប់ថ្ងៃពុធ ទី២៩ មករា។ លោកដូណាល់ ត្រាំ បាននិយាយដោយគ្មានបង្ហាញភស្តុតាងជាក់ស្តែងថា នយោបាយចម្រុះជាតិសាសន៍ មិនប្រកាន់រើសអើងពណ៌សម្បុរ ភេទរបស់រដ្ឋបាលដឹកនាំដោយបក្សប្រជាធិបតេយ្យបានអនុញ្ញាតឲ្យមនុស្សគ្មានសមត្ថភាពធ្វើការរហូតដល់បណ្តាលឲ្យមានគ្រោះថ្នាក់បុកគ្នារវាងយន្តហោះដឹកអ្នកដំណើរ និងឧទ្ធម្ភាគចក្រ។ នៅក្នុងគ្រោះថ្នាក់ អត្តសញ្ញាណរបស់ជនរងគ្រោះត្រូវបានគេដឹងបណ្តើរៗ ក្នុងនោះមានគ្រូបង្ហាត់កីឡាស្គីរាំលើទឹកកកជាតិរុស្ស៊ី២នាក់ ជនជាតិចិន ២នាក់ និងមានមន្រ្តីយោធារបស់ហ្វីលីពីនម្នាក់ផង៕
Nº.0405