ចិនចាប់ខ្លួនមេឧក្រិដ្ឋជនជួញដូរមនុស្សនិងឆបោកតាមអនឡាញក្នុងតំបន់អាស៊ីអាគ្នេយ៍

7News

 ចិនចាប់ខ្លួនមេឧក្រិដ្ឋជនជួញដូរមនុស្សនិងឆបោកតាមអនឡាញក្នុងតំបន់អាស៊ីអាគ្នេយ៍

ចេញផ្សាយថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥៖

ការជួញដូរមនុស្ស និងឆបោកតាមអនឡាញបង្កក្តីព្រួយបារម្ភខ្លាំងនៅក្នុងមជ្ឈដ្ឋានប្រជាជន ចិន និងពលរដ្ឋ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ តួកុនចិនដ៏ល្បីម្នាក់ត្រូវគេបោកប្រាស់ថាជួលឲ្យថតភាពយន្តនៅប្រទេសថៃ តែបែរជាត្រូវបានក្រុមឧក្រិដ្ឋជនជួញដូរមនុស្សចាប់បញ្ចូនទៅព្រំដែនភូមាទៅវិញ។ ក្រោយផ្ទុះរឿងអាស្រូវនេះ អាជ្ញាធរចិនបានប្រកាសពីការតាមចាប់ខ្លួនមេក្រុមឧក្រិដ្ឋជនដ៏ធំម្នាក់ដែលបានធ្វើព្យុះធ្វើភ្លៀងក្នុងអំពើជួញដូរមនុស្ស និងឆបោកតាមអនឡាញក្នុងតំបន់អាស៊ី។

នគរបាលចិនបានប្រកាសពីការចាប់ខ្លួនជនសង្ស័យឆបោក និងជួញដូរមនុស្សឈ្មោះ យ៉េន វីនឡី (Yan Wenlei) ដែលធ្លាប់បានប្រើរហស្សនាមប្លែកៗជាច្រើន។ បុគ្គលនេះជាមេខ្លោងនៅក្នុងក្រុមហ៊ុនបោកប្រាស់មួយដែលធ្វើសកម្មភាពតាមប្រព័ន្ធអនឡាញ WeChat របស់ចិន។ ក្រុមជនខិលខូចបានឃោសនា «សន្យាក្លែងក្លាយ» ពីការជ្រើសរើសមនុស្សឲ្យទៅធ្វើការនៅប្រទេសថៃ។ មានជនរងគ្រោះរាប់ពាន់នាក់បានលង់ខ្លួនបាញ់បោកក្នុងការឃោសនា និងត្រូវធ្លាក់ក្នុងអំពើជួញដូរមនុស្ស ហើយត្រូវចាប់បញ្ចូនទៅប្រទេសភូមា។


ករណីមួយជាក់ស្តែងនៅដើមខែមករា ដើមឆ្នាំ២០២៥   តារាសម្តែងភាពយន្តចិនហុងកុងម្នាក់ ឈ្មោះ វ៉ាង ស៊ីង (Wang Xing) ត្រូវបានក្រុមឆបោកតាមអនឡាញដោយសន្យាផ្តល់ការងារឲ្យដើរតួកុន និងថតកុននៅក្នុងទីក្រុងបាងកក។ តែទីបំផុត រូបគេបានត្រូវក្រុមជនខិលខូចចាប់ខ្លួនដាក់ក្នុងសំបុកជនខិលខូចនៅព្រំដែនប្រទេសភូមា-ថៃ។ ថ្ងៃទី៧ មករា ប៉ូលិសថៃបានជួយរំដោះរូបគេវិញដោយពុំបានបញ្ជាក់ពីប្រតិបត្តិការរំដោះទេ។ សំណុំរឿងនេះល្បីរន្ទឺកក្រើកសាធារណមតិប្រជាជនចិន និងថៃ។ នាយករដ្ឋមន្ត្រីថៃ លោកស្រី ភែថងថាន ស៊ីណាវ៉ាត់ បានទទួលស្គាល់ថា ទោះបីជារឿងឆបោកតារាភាពយន្តចិនហុងកុងនេះ មិនបានកើតឡើងនៅក្នុងទឹកដីថៃផ្ទាល់ក៏ពិតមែន ក៏វាបានបង្កក្តីបារម្ភដល់ភ្ញៀវទេសចរចិន។

អាជ្ញាធរទីក្រុងបាំងកកបាន យល់យ៉ាងច្បាស់ថា បញ្ហាអសុវត្ថិភាព អំពើជួញដូរមនុស្ស និងការឆបោកតាមអនឡាញជះឥទ្ធិពលប៉ះពាល់ដល់លំហូរភ្ញៀវទេសចរបរទេស នៅប្រទេសថៃ។ អាស្រ័យហេតុនេះទើបរដ្ឋាភិបាលថៃខំប្រឹងស្តារទំនុកចិត្តភ្ញៀវទេចរចិន ដោយសន្យាធានាការពារសុវត្ថិភាពរបស់ពួកគេ។ ក្នុងន័យនេះ លោកស្រីនាយករដ្ឋមន្ត្រីថៃ បានចេញបញ្ជាឲ្យរដ្ឋបាលថ្នាក់ក្រោម និងក្រសួងមហាផ្ទៃយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសន្តិសុខ សុវត្ថិភាពរបស់ភ្ញៀវទេសចរ។ ទេសចរណ៍ជាវិស័យសំខាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចថៃ តែវិបត្តិជំងឺកូវីដ១៩ និងបញ្ហាឆបោកមនុស្ស បានធ្វើឲ្យភ្ញៀវទេសចរចិនទៅលេងថៃ ធ្លាក់ចុះជាខ្លាំង។

អង្គការសហប្រជាជាតិបញ្ជាក់ថា ប្រព័ន្ធជួញដូរមនុស្ស និងឆបោកតាមអនឡាញមិនមានតែនៅក្នុងប្រទេសភូមាទេ តែក៏មាននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ដូចជាថៃ កម្ពុជា ឡាវ វៀតណាម និងហ្វីលីពីនដែរ។ ជនរងគ្រោះត្រូវគេឃុំឃាំង រងទារុណកម្ម និងត្រូវបង្ខំឲ្យបោកប្រាស់អ្នកផ្សេងៗជាបន្តបន្ទាប់។ នៅហ្វីលីពីន កាលពី២សប្តាហ៍មុន អាជ្ញាធរក្រុងម៉ានីល បានចាប់ខ្លួនជនឆបោកតាមអនឡាញជាង៤០០នាក់ ក្នុងនោះភាគច្រើនជាជនជាតិចិន។ កាលពីឆ្នាំទៅមិញ ប្រធានាធិបតីហ្វីលីពីន លោក ហ្វ៊ែរឌីណង់ម៉ាកូសជូញ៉រ បានប្រកាសបិទប្រព័ន្ធល្បែងអនឡាញទាំងអស់។ លោកយល់ឃើញថា ល្បែងអនឡាញទាំងនោះ មានជាប់ពាក់ព័ន្ធនឹងអំពើឆបោក និងឧក្រិដ្ឋកម្មផ្សេងទៀត ដូចជា ការលាងលុយកខ្វក់ មនុស្សឃាត និងការជួញដូរមនុស្ស៕

Nº.0392

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top