ឥណ្ឌា៖ ស្លាប់យ៉ាង ហោច ១៥នាក់ របួស ច្រើនរយនាក់ ក្នុង ពិធីបុណ្យ សាសនា ហិណ្ឌូ កុម្ភមេឡា
ពិធីបុណ្យសាសនាហិណ្ឌូ កុម្ភមេឡា ដែលប្រព្រឹត្តទៅរៀងរាល់១២ឆ្នាំ ម្តងនៅប្រទេស ឥណ្ឌា បានពើប ប្រទះ នឹងហេតុការណ៍អកុសល កាលពីយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធទី ២៩ មករា។ យ៉ាងហោចណាស់ មាន មនុស្ស ចំនួន ១៥ នាក់ បានស្លាប់ និង របួសច្រើន រយនាក់ បន្ទាប់ពី មនុស្ស ផ្អើលជាន់ ប្រញាយគ្នា ចូលទៅ ក្នុងទឹកទន្លេគង្គា។ នេះមិនមែនជាលើក ទី១ ទេ ដែល មានករណី ស្លាប់មនុស្ស ដោយ ការរត់ជាន់ ប្រជ្រៀតគ្នា ក្នុងពិធីបុណ្យសាសនា បែបនេះ នៅប្រទេសឥណ្ឌា ។
ហេតុការណ៍ រត់ប្រញាយ ជាន់គ្នា បានចាប់ផ្តើមនៅវេលាកណ្តាល អាធ្រាត្រ យប់ថ្ងៃអង្គារ ឈាន ចូលថ្ងៃពុធទី ២៩មករា ក្នុងពេលមនុស្ស ម្នារាប់ម៉ឺននាក់ បាន ចាប់ផ្តើមដណ្តើមគ្នាខិតទៅមាត់ច្រាំងទន្លេគង្គារ ដើម្បីចុះមុជទឹកឲ្យ បានមុនគេ ទៅតាមប្រពៃណីសាសនាហិណ្ឌូ ក្នុងពិធីបុណ្យកុម្ភមេឡា។ យោងតាមសាក្សីជាច្រើននាក់ ដែលបានប្រាប់អ្នកយកព័ត៌មានបារាំង AFP គិតត្រឹមព្រឹកថ្ងៃពុធ គឺមានមនុស្សស្លាប់យ៉ាងហោច ១៥នាក់ និងរបួសច្រើនរយនាក់។
តែយ៉ាងគិតត្រឹមពេលនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយអំពីតួលេខស្លាប់និងរបួស ពីសំណាក់អាជ្ញាធរឥណ្ឌាទេ។ លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិន្ទ្រ ម៉ូឌី បានថ្លែងសាររំលែកទុក្ខ ដល់ក្រុមគ្រួសារជនរងគ្រោះ តែដោយមិនបញ្ជាក់ទេ ថាមានអ្នកស្លាប់ ប៉ុន្មាននាក់ ។
លោក Rahul Gandhi ប្រធានបក្សប្រឆាំងនិងជាប្រធានសភាខុនហ្ក្រេសឥណ្ឌា បាន ប្រតិ កម្ម រិះគន់ចំៗ ថានេះគឺជាកំហុស ម្តងហើយម្តងទៀត របស់អាជ្ញាធររដ្ឋាភិបាល ឥណ្ឌា ។ នៅលើបណ្តាញសង្គម X លោកបានសរសេរថា អាជ្ញាធរមានការធ្វេសប្រហែស គ្មានការរៀបចំវិធានការសន្តិសុខត្រឹមត្រូវ បូកបន្ថែមនឹងការ ផ្តល់ អាទិភាព ឲ្យដល់តែអ្នកមានអំណាចបុណ្យសក្តិ ទើបអាចចុះទឹកទន្លេបានមុនគេ គឺវាជាកត្តាបង្កើតឲ្យមានហេតុការណ៍អកុសលនេះ ។ តែយ៉ាងណាក៏ដោយ លោក Yogi Adityanath អភិបាលរដ្ឋUttar Pradesh បានអះអាងថា បញ្ហាសន្តិសុខរបស់អ្នកចូលរួមពិធីបុណ្យ គឺជាបញ្ហាអាទិភាព របស់អាជ្ញាធរ។ តែលោកទទួលស្គាល់ថា វាមិនមែនជារឿងងាយស្រួលទេ ក្នុងការ គ្រប់គ្រង ហ្វូងមនុស្ស ដ៏ច្រើនអនេកបែបនេះ ។
សូមបញ្ជាក់ថា ពិធីបុណ្យកុម្ភមេឡា (Kumbh Mela) ដែលជាបុណ្យសាសនាហិណ្ឌូដ៏ធំបំផុត រៀបចំធ្វើរៀងរាល់ ១២ឆ្នាំម្តង បានប្រព្រឹត្តិធ្វើទៅ នៅ ទីក្រុង Prayagraj រដ្ឋUttar Pradesh ត្រង់ចំណុចប្រសព្វរវាង ទន្លេគង្គា និង ទន្លេយ៉ាមូណា។ ចាប់ផ្តើមតាំងតែពី ថ្ងៃ ទី១៣មករា ដល់ថ្ងៃទី២៦កុម្ភៈ ពិធីបុណ្យនេះ ត្រូវបានអាជ្ញាធររដ្ឋាភិបាល ឥណ្ឌា ផ្សព្វផ្សាយ យ៉ាងព្រោងព្រាត ដោយ អួត ថាជាពិធីបុណ្យសាសនា ធំជាងគេបង្អស់មិនធ្លាប់មានពី មុន មក ព្រោះអាចមាន អ្នកចូលរួម ដល់ទៅ ៤០០លាន នាក់ ។
គួរកត់សំគាល់ថា នៅឥណ្ឌាតែងតែមាន ហេតុការណ៍ មនុស្សផ្អើលជាន់គ្នាស្លាប់ច្រើន សិប នាក់ នៅក្នុងពិធីបុណ្យសាសនា ។ ពិធីបុណ្យកុម្ភមេឡា កាលពីឆ្នាំ ១៩៥៤ មានមនុស្ស ស្លាប់ដោយ រត់ជាន់គ្នា និងលង់ទឹក ដល់ទៅ ៤០០នាក់ ។ បុណ្យកុម្ភមេឡាឆ្នាំ ២០១៣ ដែលមានអ្នកចូលរួម១២០លាននាក់ គឺមានហេតុការណ៍រត់ជាន់គ្នាដែរ បណ្តាលឲ្យស្លាប់មនុស្ស៣៦នាក់។ ចំណែក កាលពីខែកក្កដាកន្លងទៅ យ៉ាងហោចណាស់មាន ស្លាប់មនុស្ស ១២០នាក់ ដោយ ហេតុការណ៍ រត់ជាន់ប្រញាយគ្នាដែរ នៅ ក្នុង កម្មវិធី ស្តាប់ ការទេសនារបស់គ្រូ សាសនាដ៏ល្បីម្នាក់ មានមនុស្សចូលរួម ២៥ម៉ឺននាក់ នៅ រដ្ឋUttar Pradesh៕
Nº.0397