អាមេរិក និង ជប៉ុន ចោទចោរព័ត៌មានវិទ្យាកូរ៉េខាងជើង ថាបានលួចរូបិយបណ្ណ Crypto ជប៉ុន តម្លៃជាង ៣០០លានដុល្លារ
ថ្ងៃចន្ទ ទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ ភ្នាក់ងារចារកិច្ចអាមេរិក FBI បានអះអាងថា ក្រុមចោរព័ត៌មានវិទ្យាកូរ៉េខាងជើង បានលួចរូបិយបណ្ណ Crypto ដែលមានតម្លៃជាង ៣០០លានដុល្លារ នៅលើគេហទំព័រវិនិយោគ និង ជួញដូររបស់ជប៉ុន DDM Bitcoin។ ថ្ងៃអង្គារ ទី ២៤ ខែធ្នូនេះ ប៉ូលិសជប៉ុន ក៏បានប្រកាសឲ្យដឹង អំពីទង្វើចោរកម្មនេះ ដូចគ្នាដែរ។
ការលួចរូបិយបណ្ណ Crypto ក្នុងតម្លៃប្រមាណ ៣០៨លានដុល្លារ របស់ក្រុមហ៊ុន DDM Bitcoin ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន មានជាប់ពាក់ព័ន្ធនឹងក្រុមចោរព័ត៌មានវិទ្យាកូរ៉េខាងជើង។ នេះបើតាមការបញ្ជាក់របស់ភ្នាក់ងារចារកិច្ចអាមេរិក FBI ក្នុងសន្និសីទសារព័ត៌មានមួយ។ ភ្នាក់ងារចារកិច្ចអាមេរិក FBI បានបន្តទៀតថា ក្រុមចោរព័ត៌មានវិទ្យានេះបានបន្លំខ្លួនជាអ្នកជ្រើសបុគ្គលិក ដោយបានទាក់ទងបុគ្គលិកម្នាក់ធ្វើការនៅក្រុមហ៊ុនជួញដូររូបិយបណ្ណផ្សេងមួយទៀត។ ក្រុមនេះបានផ្ញើ Link ជាតេស្តជ្រើសរើសបុគ្គលិកឲ្យបុគ្គលិករូបនោះ ដោយបង្កប់កូដវីរុសមួយបន្ទាត់។ ក្រោយពេលដែលបុគ្គលិកនោះចុចនៅលើ Link នេះ ក្រុមចោរព័ត៌មានវិទ្យាកូរ៉េខាងជើងអាចលួចយកព័ត៌មានលម្អិតរបស់បុគ្គលិកក្រុមហ៊ុនជួញដូររូបិយបណ្ណនោះ។
ដោយឡែក បើយោងតាមការបញ្ជាក់របស់ទីភ្នាក់នគរបាលជាតិជប៉ុន ក្រុមចោរព័ត៌មានកូរ៉េខាងជើង មានឈ្មោះ TraderTraitor។ ក្រុមចោរព័ត៌មានកូរ៉េខាងជើងនេះ មានជាប់ព័ន្ធនឹងក្រុមចោរព័ត៌មានកូរ៉េខាងជើងមួយក្រុមទៀត ឈ្មោះ Lazarus ដែលរបបកុម្មុយនិស្តកូរ៉េខាងជើងជាអ្នកបញ្ជា។ សូមរម្លឹកថា កាលពីឆ្នាំ ២០១៤ កន្លងទៅ ក្រុម Lazarus ធ្លាប់បាន វាយប្រហារ ជា ទ្រង់ទ្រាយ ធំ លើ ក្រុមហ៊ុន ផលិតកុន ហូលីវូដSony Picture Entertainment ដោយបានលួចយកឯកសារសម្ងាត់និងទនិ្នន័យរបស់បុគ្គលិករាប់សែនជីហ្កាបៃ។
ភ្នាក់ងារចារកិច្ចអាមេរិក FBI ទីភ្នាក់ងារនគរបាលជាតិជប៉ុន និងដៃគូផ្សេងទៀតរបស់រដ្ឋាភិបាលអាមេរិក ព្រមទាំងសហគមន៍អន្តរជាតិ នឹងបន្តប្រយុទ្ធប្រឆាំងនឹងសកម្មភាពខុសច្បាប់របស់ចោរព័ត៌មានវិទ្យាកូរ៉េខាងជើង រួមមាន ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណែត និងការលួចរូបបិយបណ្ណ Crypto។ សកម្មភាពខុសច្បាប់ទាំងនេះ គឺដើម្បីយកលុយទៅចិញ្ចឹមរបបកុម្មុយនិស្តកូរ៉េខាងជើង។
គួររម្លឹកថា កម្មវិធីសង្គ្រាមតាមប្រព័ន្ធអ៊ីនធឺណែតរបស់កូរ៉េខាងជើង បង្កើតឡើងតាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០។ យោងតាមរបាយការណ៍យោធាអាមេរិកឆ្នាំ ២០២០ ក្រុមសង្គ្រាមតាមអ៊ីនធឺណែតរបស់កូរ៉េខាងជើងនេះ មានឈ្មោះថា Bureau 121 មានសមាជិកចំនួន ៦០០០នាក់។ ក្រុមនេះ ធ្វើប្រតិបត្តិ នៅបរទេស ជាអាទិ៍ នៅប្រទេសបេឡារុស្ស ចិន ឥណ្ឌា ម៉ាឡេស៊ី និងរុស្ស៊ី។