អតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស និងក្រុមគ្រួសារ រងការចោទពីបទកេងបន្លំប្រាក់ ៥ពាន់លានដុល្លារ
នៅបង់ក្លាដែស គណៈកម្មការប្រឆាំងអំពើពុករលួយបានបើកការស៊ើបអង្កេតលើលោកស្រីអតីតនាយករដ្ឋមន្រ្តី ឆេក ហាស៊ីណា និងក្រុមគ្រួសារ ពាក់ព័ន្ធនឹងការគៃបន្លំប្រាក់ចំនួនប្រមាណ ៥ពាន់លានដុល្លារ ក្នុងគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ដែលជាប្រាក់កម្ចីពីរុស្ស៊ី។
លោកស្រីអតីតនាយករដ្ឋមន្រ្តី ឆែក ហាស៊ីណា ធ្លាប់ កាន់ អំណាចផ្តាច់ការ ប្រមាណ ១៥ឆ្នាំ នៅបង់ក្លាដែស។ លោកស្រីរត់គេចខ្លួន ទៅ ប្រទេស ឥណ្ឌា កាលពីថ្ងៃទី ៥ សីហា ក្រោយពីត្រូវ បណ្តេញ ចេញអំណាច តាមរយៈ ចលនា បាតុកម្មប្រឆាំង នៅទូទាំងប្រទេស របស់ ក្រុមនិស្សិត។
អាជ្ញាធរបង់ក្លាដែសកំពុងបើកការស៊ើបអង្កេតលើលោកស្រី និងក្រុមគ្រួសារ ពីបទចោទគៃបន្លំប្រាក់រដ្ឋ ចំនួនប្រមាណ ៥ពាន់លានដុល្លារ ក្នុងគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅខេត្ត Rooppur ស្ថិតនៅភាគពាយ័ព្យនៃទីក្រុងដាកា។ នៅក្នុងគម្រោងសាងសង់រោងចក្រនេះ អាជ្ញាធរបង់ក្លាដែស បានរកឃើញថាមានការផ្ទេរលុយពីកុងធនាគារមួយចំនួននៅប្រទេសម៉ាឡេស៊ី។ នេះបើតាមការប្រកាសរបស់គណៈកម្មការប្រឆាំងអំពើពុករលួយបង់ក្លាដែស ក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងដាកា នៅថ្ងៃចន្ទ ទី២៣ធ្នូ។ គណៈកម្មារដដែលនេះបានបញ្ជាក់ថាខ្លួនកំពុងធ្វើលទ្ធកម្ម លើការសាងរោងចក្រថាមពលនុយក្លេអ៊ែរដែលមានតម្លៃថ្លៃកប់ពពក រហូតដល់ ១២ពាន់៦០០លានដុល្លារ ពោលគឺ ៩០% ជាប្រាក់កម្ចីពីរុស្ស៊ី។
បទចោទគៃបន្លំប្រាក់រដ្ឋ នេះ ក៏ជាប់ពាក់ព័ន្ធនឹងបុគ្គលសំខាន់ពីរនាក់ ទៀត។ ម្នាក់ជាកូនប្រុសរបស់លោកស្រី ឆេក ហាស៊ីណា គឺ លោកសេដ្ឋី សាជីប វ៉ាហ្សេដ ជយ Sajeeb Wazed Joy ដែល កំពុងរស់នៅអាមេរិក។ ម្នាក់ទៀត ជាចៅស្រី គឺលោកស្រី Tulip Siddiq ដែល សព្វថ្ងៃ មានតួនាទីជារដ្ឋលេខាធិការទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ ក្នុងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីអង់គ្លេស Keir Starmer ។ ផ្ទុយទៅវិញ ឆ្លើយតបនឹងការចោទប្រកាន់នេះ ខុទ្ទកាល័យនាយករដ្ឋមន្រ្តីបានច្រានចោលរាល់ការចោទប្រកាន់មកលើ លោកស្រី Tulip Siddiq ពីសំណាក់អាជ្ញាធរបង់ក្លាដែស។
សូមបញ្ជាក់ថា លោក Bobby Hajjaj ប្រធានគណបក្សចលនាប្រជាធិបតេយ្យជាតិនិយម ដែលជាគូប្រជែងនយោបាយនឹងលោកស្រី ឆេក ហាស៊ីណា ជាអ្នកនៅពីក្រោយការរៀបចំនី តិវិធីស៊ើបអង្កេតលើលោកស្រី និងក្រុមគ្រួសារ ពាក់ព័ន្ធនឹងការគៃបន្លំប្រាក់រដ្ឋាភិបាលបង់ក្លាដែស។ ប្រធានគណបក្សប្រឆាំងរូបនេះបានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅ ថ្ងៃចន្ទ ទី២៣ធ្នូ ថាគណបក្សរបស់លោកកំពុងស្វែងរកយុត្តិធម៌ជូន ប្រជាជន ។
វ័យ ៧៧ឆ្នាំ អតីត នាយករដ្ឋមន្រ្តី បង់ក្លាដែស លោកស្រី ឆេក ហាស៊ីណា ក៏ កំពុង ក្លាយជាផ្ទាំងស៊ីបរបស់ ក្រុមអ្នកស៊ើបអង្កេត នៅក្នុងសំណុំរឿង បាត់ខ្លួន ដោយ បង្ខំនៅបង់ក្លាដែស៕
Nº.0264