កម្ពុជា និងឥណ្ឌាធ្វើសមយុទ្ធរួមគ្នាជាលើកដំបូង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា

7News

 កម្ពុជា និងឥណ្ឌាធ្វើសមយុទ្ធរួមគ្នាជាលើកដំបូង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា

នៅថ្ងៃសុក្រ ទី៦ ធ្នូ កម្ពុជា និងឥណ្ឌាបានបញ្ចប់សមយុទ្ធរួមគ្នាជាលើកដំបូងនៅទីក្រុង Pune ប្រទេសឥណ្ឌា។ សមយុទ្ធនេះត្រូវបានភាគីទាំងពីរ ចាត់ទុកថា ជាព្រឹត្តិការណ៍សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធា ដោយបានផ្ដោតលើការស៊ើបការណ៍សម្ងាត់ ការឈ្លបយកការណ៍ និងប្រតិបត្តិការជំនួយមនុស្សធម៌ ដើម្បីប្រតិបត្តិការរក្សាសន្តិភាព នៅអង្គការសហប្រជាជាតិ ។

យោងតាមសារព័ត៌មានឥណ្ឌា The Time Of India សមយុទ្ធរួមគ្នារវាងកម្ពុជា-ឥណ្ឌា បានបញ្ចប់ដោយជោគជ័យកាលពីថ្ងៃសុក្រ ទី៦ ធ្នូ។ សារព័ត៌មានអន្ដរជាតិនេះ បានឱ្យដឹងថា សមយុទ្ធនេះ បានផ្តោតលើការពិភាក្សា ទាក់ទងនឹងការបង្កើតក្រុមការងារបណ្តុះបណ្តាលរួមគ្នាសម្រាប់ការស៊ើបការណ៍សម្ងាត់ ការឈ្លបយកការណ៍ ប្រតិបត្តិការជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយនៅពេលទៅប្រតិបត្តិការរក្សាសន្តិភាព នៅអង្គការសហប្រជាជាតិ ។

បន្ថែមពីនេះ សមយុទ្ធលើកទី១រវាងកម្ពុជា និងឥណ្ឌា ក៏រួមបញ្ចូលនូវការរៀបចំផែនការប្រតិបត្តិការនៅក្នុងសកម្មភាពប្រឆាំងភេរវកម្មរួមគ្នា ក្រោមជំពូកទី៧ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងការប្រកួតប្រជែងផ្សេងៗ រួមទាំងការស្វែងយល់ពីការប្រើប្រាស់មេគុណកម្លាំង នៅក្នុងប្រតិបត្តិការ និងការបាញ់ប្រយុទ្ធនៅក្នុងសមរភូមិ។

បើតាមអ្នកនាំពាក្យយោធាឥណ្ឌា ដែលសារព័ត៌មាន The Time Of India បានដកស្រង់សម្ដី សមយុទ្ធរួមគ្នានេះ បានបង្កើនប្រតិបត្តិការដោយជោគជ័យ និងជំរុញការយល់ដឹងគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅរវាងកងទ័ពឥណ្ឌា និងកម្ពុជា។ ជាមួយគ្នានេះ ក៏បានចែករំលែកនូវការអនុវត្តល្អៗ និងស្វែងរកមធ្យោបាយសម្រាប់កិច្ចសហប្រតិបត្តិការ នាពេលអនាគតក្នុងការរក្សាសន្តិភាព និងបច្ចេកវិទ្យាការពារជាតិ។

តែលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្ដរជាតិRFIថា លោកស្រីមិនទាន់ទទួលបានព័ត៌មានពីអង្គភាពជំនាញនៅឡើយទេ តែអះអាងថា នឹងពិនិត្យលើរឿងនេះ ហើយឆ្លើយតបតាមលទ្ធភាពជាក់ស្ដែង។

 គួររម្លឹកថា កាលពីខែមីនា ឆ្នាំ២០២៤កន្លងទៅ លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ធ្លាប់បានស្នើឱ្យភាគីឥណ្ឌាបណ្ដុះបណ្ដាលធនធានកងយោធពលខេមរភូមិន្ទកម្ពុជា និងស្នើឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ចនៅគ្រប់កម្រិត។ នៅគ្រានោះដែរ កម្ពុជា និងឥណ្ឌាបានជំរុញកិច្ចសហប្រតិបត្តិការយោធាជាមួយគ្នាលើជំនាញភាសា ជំនាញប្រឆាំងភេរវកម្ម និងជំនាញលោតឆ័ត្រយោង។ 

ទោះជាយ៉ាងណា នៅក្នុងសមយុទ្ធរួមរវាង កម្ពុជា-ឥណ្ឌា លើកទី១ ថ្មីៗនេះ មានកងទ័ពកម្ពុជាតែ២០នាក់ និងកងទ័ពឥណ្ឌា២០នាក់ប៉ុណ្ណោះដែលចូលរួមលំហាត់ហ្វឹកហ្វឺន៕

Nº.0224

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top