ប្រធានាធិបតីបារាំង តែងតាំង លោក ហ្វ្រង់ស័រ បៃរូ ជានាយករដ្ឋមន្ត្រីថ្មី
ផុតពី នាយករដ្ឋមន្ត្រីស្តាំនិយម ពេលនេះ បារាំង មាន ប្រមុខរដ្ឋាភិបាល កណ្តាល និយម វិញម្តង។ ថ្ងៃសុក្រ ទី១៣ធ្នូ ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង បាន សម្រេច តែងតាំងអ្នក នយោបាយ ជើងចាស់ លោក ហ្វ្រង់ស័រ បៃរូ ឲ្យ ធ្វើ ជានាយករដ្ឋមន្ត្រី ថ្មី។
អ្នក នយោបាយ ចាស់វស្សា លោក ហ្វ្រង់ស័រ បៃរូ ក្លាយ ជានាយករដ្ឋមន្ត្រី ទី ៦ នៅក្នុង អាណត្តិ ដឹកនាំ របស់ ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង។ ការ តែងតាំង នាយករដ្ឋមន្ត្រី ថ្មីនេះ បន្ទាប់ពី លោក មីស្ហែល បាញ៉េ សុំ លាឈប់ ពីតំណែង នៅ ថ្ងៃទី ៥ធ្នូ, ១ថ្ងៃក្រោយពី សភា បារាំង បោះឆ្នោត ទម្លាក់ ។
លោក ហ្វ្រង់ស័រ បៃរូ ជា ប្រធានបក្ស ចលនា ប្រជាធិបតេយ្យ (MoDem) ដែល ភ្ជាប់ ខ្លួនជាសម្ព័ន្ធមិត្ត នឹងគណបក្សរបស់ លោក ម៉ាក្រុង តាំងតែពី ឆ្នាំ២០១៧ រហូតមក ។ ចាប់ពី ឆ្នាំ ២០១៧មក លោកធ្វើជា មេឃុំ Pau ភាគ នីរតីប្រទេស បារាំង ហើយ បន្ត តាំង ខ្លួន ជាអ្នក ការពារ គោល គំនិតនយោបាយ កណ្តាល និយម ។
ក្នុងវ័យ ៧៣ឆ្នាំ លោក ហ្វ្រង់ស័រ បៃរូ ធ្លាប់ ឈរឈ្មោះបោះឆ្នោត ប្រធានាធិបតី បារាំង ២-៣ហើយ តែ ពុំ ដែល អាច ជាប់ឆ្នោត ឈាន ដល់ ជុំទី២សោះ។ ក្នុងអតីតកាល អ្នក នយោបាយ រូបនេះ ធ្លាប់ ធ្វើ ជា រដ្ឋមន្ត្រីក្រសួង អប់រំ ក្នុង ទសវត្ស៍ ១៩៩០ ហើយលោកធ្លាប់ ធ្វើ ជា រដ្ឋមន្ត្រី សេដ្ឋកិច្ច កាលពី អាណត្តិ ដឹកនាំ របស់ លោកប្រធានាធិបតី ហ្វ្រង់ស័រ ហូឡង់។ លោក ហ្វ្រង់ស័រ បៃរូ ក៏បាន អង្គុយ កៅអី រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ ចំនួន ៣៤ថ្ងៃ ដែរ តែ ត្រូវ លាចុះ ពី តំណែង វិញ ព្រោះ តែ បញ្ហាក្តីក្តាំ ផ្លូវច្បាប់ ក្នុង សំណុំ រឿង គៃបន្លំ លុយ រដ្ឋ។ តែទីបំផុត ត្រូវ តុលាការ សម្រេច លើកលែង បទ ចោទប្រកាន់ ។
ពេល នេះ លោក ហ្វ្រង់ស័រ បៃរូ ត្រូវ ទទួល បន្ទុក នយោបាយ ដ៏ ធ្ងន់ ធ្ងរ រៀប ចំ គណៈ រដ្ឋមន្ត្រី ថ្មី និងដឹកនាំរដ្ឋាភិបាល មួយ ដ៏ផុយស្រួយ ។ ផុយស្រួយ ក៏ ព្រោះ តំណែង នាយករដ្ឋមន្ត្រី អាច ត្រូវ ប្រឈមមុខ នឹង ការ បោះឆ្នោត ទម្លាក់ ជាថ្មី ពី សំណាក់ សភាចម្រុះ បក្ស ។ ក្រោយ ដឹងឈ្មោះ នាយករដ្ឋមន្ត្រីថ្មីភ្លាម គណបក្ស ឆ្វេង និយមជ្រុល LFI និងគណ បក្ស បរិស្ថាន និយម បាន បង្ហាញ ជំហរ ស្រេច ហើយថា នឹង ធ្វើ ញត្តិ ទម្លាក់ នាយករដ្ឋមន្ត្រី ម្តងទៀត។ ឯ បក្សសង្គមនិយម មិនទាន់ ទុកចិត្ត នាយករដ្ឋមន្ត្រីថ្មី ទាំងស្រុងឡើយ ទេ ។ ចំណែក ប្រមុខ ដឹកនាំបក្ស ស្តាំ និយមជ្រុល លោក Jordan Bardella ថា ក្នុង ពេល ភ្លាមៗ អាច នឹង មិនចង់ ធ្វើ ញត្តិ ទម្លាក់នាយករដ្ឋមន្ត្រីទេ តែ រង់ចាំមើល សន្ទុះ សកម្មភាព សិន។
កិច្ចការ ដ៏ ធ្ងន់ របស់ លោក ហ្វ្រង់ស័រ បៃរូ ត្រូវ ស្តារលំនឹងស្ថិរភាពនយោបាយដែល បែកបាក់ប្រេះឆាគ្នាជាខ្លាំង។ ភារកិច្ចជាបន្ទាន់ បំផុតនោះ លោកក៏ ត្រូវ ប្រឈម មុ ខ នឹងការ រៀបចំ ច្បាប់ ថវិកាជាតិឆ្នាំ២០២៥, ត្រូវដោះស្រាយ បញ្ហាបំណុល សាធារណៈ, ហើយ និង បញ្ហា អតិផរណាទំនិញ, ជាពិសេស ទៀតនោះ គឺ បញ្ហា កសិកម្ម ដែលក្រុម កសិករបារាំង កំពុងតែ ខឹង សម្បារជាខ្លាំង នឹង រដ្ឋាភិបាល ។
មានទំនោរ នយោបាយ កណ្តាល និយម នាយករដ្ឋមន្ត្រី បារាំងថ្មី ថ្លែង ពីថ្ងៃសុក្រ ទី១៣ធ្នូថា គ្រប់គ្នា បាន យល់ ច្បាស់ ពី អម្រែក ការងារ ដ៏ធ្ងន់ នេះ ហើយ មាគ៌ា ឈាន ទៅរក ការ ផ្សះផ្សាគ្នា ក៏ ជាដំណើរផ្លូវ វែងឆ្ងាយ ។ ក៏ប៉ុន្តែ លោក ហ្វ្រង់ស័រ បៃរូ អះអាងថា ការផ្សះផ្សា គ្នា ជារឿង ចាំបាច់
Nº.0233