សមត្ថកិច្ចចាប់ខ្លួនជនជាតិវៀតណាម១២នាក់ពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិនក្នុងក្រុងបាវិត
ទីបំផុត កម្លាំងនគរបាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានចេញចុះបង្រ្កាបករណីចាប់ជំរិតជនជាតិចិននៅក្នុងក្រុងបាវិត ខេត្តស្វាយរៀងដោយចាប់បានឧក្រិដ្ឋជនវៀតណាមចំនួន ១២នាក់។ តែមុននឹងចាប់ឧក្រិដ្ឋជនបានសម្រេចនេះ គឺមានករណីចាប់ច្រឡំរថយន្តរបស់ពលរដ្ឋដែលប៉ូលិសសង្ស័យជារថយន្តរបស់ជនចាប់ជំរិត ព្រមទាំងបានបំផ្ទុះអាវុធ និងបង្កឲ្យមានរបួសពលរដ្ឋម្នាក់កាលពីថ្ងៃទី២៧ ធ្នូថ្មីៗកន្លងទៅនេះ។
ព័ត៌មានចុះផ្សាយលើទំព័រហ្វេសប៊ុករបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី២៩ ធ្នូបានបញ្ជាក់ថា កាលពីថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលបណ្តឹងពីករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់នៅក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ករណីចាប់ជំរិតដែលប្រព្រឹត្តទៅលើជនរងគ្រោះជាជនជាតិចិនម្នាក់ឈ្មោះ CHEN YITONG ភេទប្រុស អាយុ២៥ឆ្នាំ បានបង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណមួយក្រុមជិះរថយន្តម៉ាកស្តារិច ពណ៌ស និងមិនស្គាល់ផ្លាកលេខ។
តាមរយៈទំព័រហ្វេសប៊ុករបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដដែល នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១២ រសៀល ទើបកម្លាំងជំនាញបានស្រាវជ្រាវរកឃើញថា ជនរងគ្រោះខាងលើត្រូវបានក្រុមជនសង្ស័យបង្ខាំងចាក់សោរទុកនៅក្នុងផ្ទះជួលមួយកន្លែងស្ថិតនៅក្នុងភូមិតាពៅ សង្កាត់បាវិត ខេត្តស្វាយរៀង។ ក្រោយពីបានរកឃើញកន្លែងឃុំឃាំងជនរងគ្រោះ ទើបសមត្ថកិច្ចបានចុះបង្រ្កាបដោយបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន១២នាក់ ដែលសុទ្ធសឹងជាជនជាតិវៀតណាម។
គួរបញ្ជាក់ថា មុននឹងចាប់បានក្រុមចាប់ជំរិត កម្លាំងសមត្ថកិច្ចបានបំផ្ទុះអាវុធច្រឡំលើរថយន្តរបស់ពលរដ្ឋនៅចំណុចភូមិ កអណ្តើក ខេត្តព្រៃវែង ដែលធ្វើឲ្យពលរដ្ឋរងរបួសកាលពីថ្ងៃសុក្រ ទី២៧ ខែធ្នូ។ តាមសេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងកាលពីថ្ងៃទី២៨ ធ្នូ សមត្ថកិច្ចបានទទួលស្គាល់កំហុសចំពោះការសម្រេចចិត្តបំផ្ទុះអាវុធលឿនបែបនេះ និងថា រថយន្តដែលសមត្ថកិច្ចសង្ស័យជារបស់ក្រុមចាប់ជំរិតមានរូបរាងដូចគ្នា និងថែមទាំងមានបិទស្ទិកគ័រខ្មៅពេញមួយជុំឡាន។ គឺការបិទស្ទិកគ័រខ្មៅនេះហើយ ដែលនាំឲ្យសមត្ថកិច្ចមិនអាចកំណត់បានថា មានអ្វីពិតប្រាកដនៅក្នុងរថយន្តនោះ ហើយម្យ៉ាងទៀត សមត្ថកិច្ចខ្លាចជនល្មើសបំផ្ទុះអាវុធមុន។
ក្រោយហេតុការណ៍ភាន់ច្រឡំមួយនេះ ក្រុមគ្រួសាររបស់ជនរងរបួសបានបង្ហាញវីដេអូ និងសារតាមបណ្តាញសង្គមថា រថយន្តរបស់ពួកគេគឺកំពុងដឹកកុមារម្នាក់បាក់ដៃដើម្បីយកទៅព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ ចំណែកស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានបញ្ជាក់នៅក្នុងសេចក្តីបំភ្លឺរបស់ខ្លួនថា ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ និងថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនឹងចេញថ្លៃព្យាបាលទាំងស្រុង រួមទាំងសំណងផ្សេងៗទៀត។ ដោយឡែក ភាគីរថយន្តរងគ្រោះត្រូវបាននគរបាលខេត្តព្រៃវែងរៀបចំសំណុំរឿងដើម្បីទាមទារសំណងផ្សេងៗតាមនីតិវិធីច្បាប់៕
Nº.0288