លោក ស៊ី ជីនពីង ប្រាប់ កងទ័ព ថា ត្រូវតែ ប្រយុទ្ធប្រឆាំង នឹង អំពើ ពុករលួយ

7News

លោក ស៊ី ជីនពីង ប្រាប់ កងទ័ព ថា ត្រូវតែ ប្រយុទ្ធប្រឆាំង នឹង អំពើ ពុករលួយ

លោក ប្រធានាធិបតីចិន បានថ្លែងប្រាប់ទៅថ្នាក់ដឹកនាំនិងកងទ័ពចិនទាំងអស់ ថាកងទ័ពត្រូវតែប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ  ហើយត្រូវតែប្រឹងប្រែង បង្កើនសមត្ថភាព ក្នុងការធ្វើសិកសង្គ្រាម ។ សម្តី ថ្លែងបែបនេះ គឺបន្ទាប់ពីមួយរយៈចុងក្រោយនេះ គណបក្ស កុម្មុយនីស្តចិនហាក់ដូចជាបានផ្តោត ការបោសសំអាត នៅក្នុងជួរកងទ័ព ដើម្បីដកចេញនូវមន្ត្រីធំៗមួយចំនួនដែលពុករលួយ។ តែបើតាម ការវិភាគខ្លះវិញ វាអាចជាយុទ្ធសាស្ត្រ កម្ទេច សំឡេងប្រឆាំងលោកស៊ី ជីនពីង នៅក្នុងជួរកងទ័ពចិន តែប៉ុណ្ណោះ។


 នៅក្នុងកម្មវិធីជួបជុំមួយ នៅថ្ងៃពុធទី ៤ធ្នូ ជាមួយ កងកម្លាំង ជំនួយព័ត៌មាននៃកងទ័ពចិន លោក ប្រធានាធិបតី ស៊ី ជីនពីង បានថ្លែងថា កងទ័ព រំដោះបដិវត្តប្រជាជនចិន ត្រូវតែ អនុវត្តឲ្យ បានខ្ជាប់ខ្ជួននូវបទវិន័យ ដើម្បីឈាន ទៅ ពង្រឹងសមត្ថភាព ធ្វើសិកសង្គ្រាម ។ លោក បន្ថែមទៀតថា កងទ័ពត្រូវតែ ចាត់ទុក ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយអាទិភាពធំ ដើម្បី ធានា ឲ្យ បាន នូវ ការស្មង់ត្រង់ ភាព ស្អាតស្អំ បរិសុទ្ធបំផុត។

គួរបញ្ជាក់ថា កងកម្លាំង ជំនួយ ព័ត៌មាននៃកងទ័ពចិន ទើបតែត្រូវបាន បង្កើតឡើងកាលពី ខែមេសា។ អ្នកវិភាគ វិស័យ កងទ័ពចិន បាន លើកឡើងថា នេះជាសញ្ញានៃការធ្វើកំណែទម្រង់ស៊ីជំរៅរបស់កងទ័ព ចិន ក្នុង ការគ្រប់គ្រងប្រតិបត្តិការ នានា នៅក្នុងវិស័យសន្តិសុខព័ត៌មានវិទ្យា និងផ្នែកគ្រឿងបរិក្ខា អវកាស ជាដើម ។

ខ្លឹមសារ សុន្ទរកថារបស់ លោកស៊ី ជីនពីង ដែល បានហៅ ឲ្យកងទ័ព ពង្រឹងកម្លាំង និងសមត្ថភាព ដើម្បីយកឈ្នះសង្គ្រាមនេះ ធ្វើ ឲ្យ គេសំឡឹងទៅដល់សំណុំរឿងកោះតៃវ៉ាន់ ដែល លោក ស៊ី ជីនពីង តែងតែអះអាងថា ចិនមិនបោះបង់ចោលគំនិត ប្រើកម្លាំងដើម្បី គ្រប់គ្រងតៃវ៉ាន់ឡើយ ។


គួរកត់សំគាល់ដែរ ថា សំដីលោក ស៊ី ជីនពីង ប្រាប់ទៅកងទ័ពឲ្យ ប្រយុទ្ធនឹងអំពើពុករលួយ ហើយត្រូវគោរពវិន័យ ឲ្យ បានល្អនេះ គឺ វាស្ថិតនៅក្នុងបរិបទមួយ ដែលមួយរយៈចុងក្រោយនេះ មន្ត្រីធំៗក្នុងជួរកងទ័ពចិន ត្រូវបាន គេដកពីតំណែងជាបន្តបន្ទាប់ ។ ជាក់ស្តែង លោក Miao Hua អគ្គនាយក ការិយាល័យ នយោបាយការបរទេស នៃគណកម្មាមជ្ឈឹម កងទ័ពចិន ត្រូវបាន គេព្យួរពីមុខងារភ្លាម ៗ កាលពីចុងខែវិច្ឆិកា ដោយ ជាប់ចោទថា “មិនគោរពវិន័យកងទ័ព”។

ជាមួយគ្នានេះដែរ លោក Dong Jun រដ្ឋមន្ត្រីការពារជាតិចិនដែល ទើបតែចូកកាន់តំណែងកាលពីខែធ្នូចុងឆ្នាំ ២០២៣ កំពុងតែរងនូវ បទចោទ សង្ស័យពាក់ព័ន្ធនឹង អំពើពុករលួយជាបណ្តាញ ។ នេះបើផ្អែកតាមការចុះផ្សាយ របស់ កាសែត The Financial Times កាលពីថ្ងៃទី ២៧វិច្ឆិកា។ តែយ៉ាងណាក៏ដោយ ទាំងក្រសួងការពារជាតិ ទាំងក្រសួង ការបរទេសចិន សុទ្ធតែបានបដិសេធ មិនប្រតិកម្មអ្វីទាំងអស់ទៅនឹង ការចុះផ្សាយនេះ ។

មុនលោក Dong Jun អតីតរដ្ឋមន្ត្រីការពារជាតិមុន ឈ្មោះ Li Shangfu កាន់ការងារបានតែ ៧ខែ ក៏ត្រូវបាន គេដកចេញវិញ ហើយបណ្តេញចេញពីបក្ស កាលពីខែតុលា ដោយសារតែ ជាប់ចោទ ថាបានទទួលប្រាក់ដ៏ច្រើនសន្ធឹក ។ នេះបើយោងតាមការផ្សារយរបស់ទូរទស្សន៍CCTV។ ហើយ មុននេះទៀត លោក Wei Fenghe ក៏ត្រូវបាន គណបក្សកុម្មុយនីស្តចិនដកចេញពីតំណែងរដ្ឋមន្ត្រីការពារជាតិ ហើយ បណ្តេញចេញពីបក្សដែរ ដោយចោទថាបានប្រព្រឹត្តិអំពើពុករលួយ ក្បត់នឹងវិន័យកងទ័ព ។

ការពិតយ៉ាងណាគ្មាននរណាដឹងទេ ព្រោះថារាល់ការស៊ើបអង្កេតទាំងអស់ គឺត្រូវបានអាជ្ញាធរចិនបិទខ្ទប់ទាំងស្រុង ។ ប្រការនេះ បានញ៉ាំងឲ្យ មានការចោទសួរ ថាតើវាជា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយពិតប្រាកដមែន ឬវាគ្រាន់តែ ជា លេស ដើម្បី តាមកម្ចាត់ មន្ត្រីធំៗក្នុងជួរកងទ័ពចិន ណា ដែលមានទំនោរមិនសូវ ស្តាប់បង្គាប់ លោក ស៊ី ជីងពីង?


Nº.0216

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top