អឺរ៉ុប ដាក់ទណ្ឌកម្ម ក្រុមហ៊ុន ចិនរកស៊ី ជាមួយ រុស្ស៊ី ប៉េកាំង ថា ជាការ បង្កាច់បង្ខូច

7News

 អឺរ៉ុប ដាក់ទណ្ឌកម្ម ក្រុមហ៊ុន ចិនរកស៊ី ជាមួយ រុស្ស៊ី ប៉េកាំង ថា ជាការ បង្កាច់បង្ខូច

សហភាព អឺរ៉ុប បាន អនុម័តកាលពី ថ្ងៃ ចន្ទទី ១៦ ធ្នូ វិធានការដាក់ ទណ្ឌកម្ម លើ ក្រុមហ៊ុន ចិន ជា ច្រើន។ បើ តាម អឺរ៉ុប ក្រុមហ៊ុន ទាំងនោះ បាន ជួយ ផ្គង់ គ្រឿង បន្លាស់ ផលិត ដ្រូន និងសម្ភារៈសម្រាប់ បំប៉ន ឧស្សាហកម្ម យោធា រុស្ស៊ី។ ប៉ុន្តែ សម្រាប់ ប៉េកាំង ទណ្ឌកម្មអឺរ៉ុប គ្មាន មូលដ្ឋាន ទេ។ ប៉េកាំង បានបញ្ចេញ ប្រតិកម្ម តប នៅថ្ងៃអង្គារ ទី ១៧ ធ្នូ ដោយ ចោទ ប្រកាន់ អឺរ៉ុប ថា បង្កាច់ បង្ខូច ក្រុមហ៊ុន ចិន និង សន្យា ចាត់ វិធានការ សងសឹកវិញ។

អ្នក នាំពាក្យ ក្រសួងការបរទេស ចិន បាន អះអាង នៅ ចំពោះ មុខ អ្នក សារព័ត៌មាន ថា ដើម្បី ការពារ សិទ្ធ និង ផលប្រយោជន៍ ដ៏ ស្រប ច្បាប់ របស់ ក្រុមហ៊ុន ចិន ទាំងឡាយ ប៉េកាំង នឹង ចាត់ វិធានការ ចាំបាច់តប វិញ ប្រឆាំង នឹង សហភាព អឺរ៉ុប។ ជា ពិសេស សូម អឺរ៉ុប ឈប់ បង្កាច់ បង្ខូច និង ចោទ ចិន ដោយ គ្មាន មូលដ្ឋាន ច្បាស់ លាស់។ ទណ្ឌកម្មដែល អឺរ៉ុប ដាក់ លើ ក្រុមហ៊ុនចិន មិនស្រប តាម គោលការណ៍គ្រឹះ នៃ ច្បាប់ អន្តរជាតិ ទេ។ នេះ បើ តាមសំដី របស់ អ្នក នាំពាក្យ ចិន ដដែល ដែល សង្កត់ ធ្ងន់ ថា ទាក់ទង នឹង សង្គ្រាម នៅអ៊ុយក្រែន ចិន តែង ប្រឹង ប្រែង យ៉ាង អស់ ពី សមត្ថភាពក្នុង ការ ជំរុញ ឱ្យ មាន កិច្ចចរចា សន្តិភាព និង មិន ដែល ផ្គត់ផ្គង់ អាវុ ធយុទ្ធភ័ណ្ឌ ដល់ ភាគី ជម្លោះ ណា សោះ។ កាលពី ចុង សប្តាហ៍មុន នា ឱកាស ជួប ជាមួយ តំណាង ការ ទូត របស់ ប្រធានាធិបតី បារាំង លោក ប្រមុខ ការទូត ចិន បាន ព្រមាន រួច ជា ស្រច ហើយ ថា ការ ដាក់ ទណ្ឌកម្ម លើ ក្រុមហ៊ុន ចិន នាំ ឱ្យ ខាត ទាំងអឺរ៉ុប ទាំងចិនទេ។

សូម បញ្ជាក់ ថា ប្រតិកម្ម ចិន នេះ ជា ចម្លើយ តប ទៅ នឹង សេចក្តី សម្រេច របស់ សហភាព អឺរ៉ុប ដែល បាន អនុម័ត នៅ ថ្ងៃចន្ទ ម្សិលមិញ បញ្ចូល ក្រុមហ៊ុន ចិន ចំនួន បួន ក្នុង បញ្ជី ខ្មៅ ពី បទ បាន ផ្គត់ផ្គង់ គ្រឿង បន្លាស់ សំខាន់ៗ សម្រាប់ ផលិត ដ្រូន និង សម្រាប់ បំប៉ន ឧស្សាហកម្ម យោធា របស់ រុស្ស៊ី ដើម្បី ធ្វើ សង្គ្រាម នៅ អ៊ុយក្រែន។ ក្នុង ចំណោម ក្រុមហ៊ុន ជាប់ ទណ្ឌកម្មអឺរ៉ុបនោះ ល្បី ជាង គេ គឺក្រុមហ៊ុន Xiamen Limbach ដែល ជាប់ ចោទ បាន ផ្តល់ គ្រឿង ផ្គុំ ម៉ាស៊ីន របស់ ដ្រូន Shahed ផលិត ដោយ អ៊ីរ៉ង់ ហើយ យោធា រុស្ស៊ី មាន ប្រើច្រើន ។

អឺរ៉ុប ក៏ សម្រេច ដាក់ ទណ្ឌកម្ម បុគ្គល ម្នាក់ និង ស្ថាប័ន ពីរទៀត ដែល បើ តាម ព្រុចសែល បាន ជួយម៉ូស្គូ ក្នុង ការ គេច ពង្វាង ទណ្ឌកម្ម របស់ លោក ខាង លិច ក្រោយរុស្ស៊ី ចូល ឈ្លានពាន អ៊ុយក្រែន ភ្លាម នៅ ខែ កុម្ភៈ ២០២២។ ក្រុមហ៊ុន ចិន ទាំងអស់ នេះ ធ្លាប់ រង ទណ្ឌកម្ម អឺរ៉ុប រួច ហើយ ប៉ុន្តែ វិធានការទើប អនុម័ត នៅ ថ្ងៃ ចន្ទ នេះ មាន លក្ខណៈ ធ្ងន់ ខ្លាំង មិន ធ្លាប់ មាន ពីមុន ទេ។

ដោយ ជាក់ ស្តែង អឺរ៉ុប បាន បង្កក ទ្រព្យ ចិនដែល មាន នៅ តាម បណ្តា ប្រទេស ជា សមាជិក ហាម មិន ឱ្យ ធ្វើ ដំណើរ មក អឺរ៉ុប និង ហាម មិន ឱ្យ ក្រុមហ៊ុន អឺរ៉ុប ទាំង ឡាយ ផ្តល់ ហិរញ្ញវត្ថុ ដល់ ក្រុមហ៊ុន និង ស្ថាប័ន ជាប់ ទណ្ឌកម្ម ទាំងអស់ នោះទេ។ នេះ បើ តាម សេចក្តី ថ្លែងការណ៍ លម្អិត របស់ សហភាពអឺរ៉ុប៕

Nº.0246

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top