តុលាការវៀតណាម កាត់ទោសមន្រ្តីជាន់ខ្ពស់វៀតណាមជាច្រើននាក់ ក្នុងសំណុំរឿងពុករលួយ នៅសម័យកូវីដ
នៅថ្ងៃអង្គារ ទី២៤ ធ្នូ មន្រ្តីជាន់ខ្ពស់វៀតណាម ជាង ១០នាក់ បានចូលខ្លួនបំភ្លឺនៅតុលាការក្រុងហាណូយ ពីបទប្រព្រឹត្តអំពើពុករលួយ ក្នុងសំណុំរឿងដឹកអ្នកដំណើរជនជាតិវៀតណាមនៅបរទេស ឲ្យត្រឡប់ចូលស្រុកវិញ នៅអំឡុងពេលរីករាលដាលជំងឺកូវីដ១៩។
តុលាការក្រុងហាណូយបានកាត់ទោសមនុស្ស ចំនួន ១៧នាក់ រួមមាន មន្រ្តីជាន់ខ្ពស់ក្នុងក្រសួងដឹកជញ្ជូន មន្រ្តីជាន់ខ្ពស់បម្រើការនៅតាមខេត្ត និង បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ ក្នុងសំណុំរឿងពុករលួយ រំលោភអំណាច និង លាក់បាំងជនល្មើស។ តាម សេចក្តីប្រកាស របស់ តុលាការ ក្រុងហាណូយ បុគ្គលខាងលើនេះ បានឃុបឃិតគ្នា ទទួលប្រាក់សំណូកសរុបចំនួន ៣៥ ម៉ឺនដុល្លារ។
គួររំឭកថា អំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ នៅដើមឆ្នាំ២០២០ ជនជាប់ចោទទាំងអស់នោះបានផ្ទេរ ឬ ទទួលប្រាក់សំណូក សម្រាប់ជួយអ្នកដែលចង់បានកន្លែងជិះយន្តហោះត្រឡប់ចូលមកប្រទេសវៀតណាមវិញ។ នៅពេលនោះ រដ្ឋាភិបាលវៀតណាមបានបិទព្រំដែន ដោយមិនអនុញ្ញាតិឲ្យអ្នកដំណើរបរទេសឆ្លងកាត់ឡើយ លើកលែងតែប្រជាជនវៀតណាម។ ប៉ុន្តែ ដើម្បីអាចមានសិទ្ធិធ្វើដំណើរតាមផ្លូវអាកាស ត្រឡប់ចូលស្រុកវិញ ប្រជាជនវៀតណាមទាំងអស់នោះ ត្រូវប្រឈមមុខនឹង បែបបទរដ្ឋបាលដ៏ស្មុគស្មាញ រួមទាំងតម្លៃសំបុត្រយន្តហោះថ្លៃកប់ពពក និង ការចំណាយដ៏ច្រើនលើសលប់លើចត្តាឡីសក។
គួរបញ្ជាក់ថា សវនាការជំនុំជំរះក្តីនេះ ដែលនឹងត្រូវចំណាយពេល ១សប្តាហ៍ ធ្វើឡើងចំពេល យុទ្ធនាការបោសសម្អាតអំពើពុករលួយ ទ្រង់ទ្រាយធំ ដែលបក្ស កុម្មុយនិស្ត វៀតណាមបានប្រកាសអនុវត្ត ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងយុទ្ធនាការ បោសសំអាតអំពើពុករលួយនេះ តុលាការវៀតណាមបានកាត់ទោសមនុស្សរាប់ពាន់នាក់ ពីបទគៃបន្លំហិរញ្ញវត្ថុ និង ប្រព្រឹត្តអំពើពុករលួយ។ ក្នុងនោះ មន្រ្តីបក្សកុម្មុយនិស្តវៀតណាម ជាច្រើននាក់ត្រូវ ចាប់ខ្លួន ឬដកចេញពីមុខតំណែង។
ជាក់ស្តែង នៅពីឆ្នាំ ២០២៣ តុលាការក្រុងហាណូយ ក៏ធ្លាប់បានកាត់ទោសមន្រ្តីជាន់ខ្ពស់ និង បុគ្គលសំខាន់ៗក្នុងវិស័យពាណិជ្ជកម្មនៅវៀតណាម ចំនួន ៥៤នាក់ ពីបទប្រព្រឹត្តអំពើរឿងពុករលួយ ក្នុងសុំណុំរឿងរៀបចំដឹកអ្នកដំណើរជនជាតិវៀតណាមត្រឡប់ចូលស្រុកវិញ នៅអំឡុងពេលរីករាលដាលជំងឺកូវីដ១៩។ ប្រាក់សំណូកក្នុងសំណុំរឿងពុករលួយនេះ មានចំនួនរហូតដល់ ៩លាន៥សែនដុល្លារ។ ក្នុងនោះ អតីតមន្រ្តីជាន់ខ្ពស់វៀតណាមចំនួន ៤នាក់ មកពីក្រសួងការបរទេស ក្រសួងសុខាភិបាល និង ក្រសួងសន្តិសុខសាធារណៈ ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។
ស្រ្តីជនជាតិវៀតណាមម្នាក់រស់នៅទីក្រុងហាណូយ បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP កាលពីឆ្នាំ ២០២៣ ថានៅអំឡុងរីករាលដាលនៃជំងឺកូវីដ១៩ លោកស្រ្តីបានចំណាយប្រាក់ប្រមាណ ១ម៉ឺន២ពាន់ដុល្លារ ដើម្បីឲ្យកូនស្រីរបស់គាត់ ដែលជានិស្សិតកំពុងរៀននៅអឺរ៉ុប អាចត្រឡប់ចូលក្នុងប្រទេសវៀតណាមវិញបាន៕
Nº.0266