ក្រុមហ៊ុន លក់អាវុធ អាមេរិក រុស្ស៊ី និងដើមបូព៌ា កាក់កបដោយសារ សង្រ្គាមអ៊ុយក្រែននិង ភាពតានតឹង នៅ អាស៊ី
ក្រុមហ៊ុន ផលិតអាវុធ នៅអាមេរិក រុស្ស៊ី និង នៅដើមបូព៌ា កើបលុយ រាប់ពាន់លាន ដុល្លារ ពីការ លក់អាវុធ ដែល ចេះតែ កើនឡើងជាលំដាប់ ដោយសារ សង្រ្គាមអ៊ុយក្រែន សង្រ្គាមហ្កាហ្សា និង ភាពតានតឹង នៅតំបន់ អាស៊ី។ របាយការណ៍ របស់ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Sipri ចុះផ្សាយ នៅថ្ងៃទី ១ ធ្នូ បង្ហាញថា ក្រុមហ៊ុន ផលិត អាវុធ ធំៗ នៅ ក្នុង ពិភពលោក ចំនួន ១០០ រក បាន ប្រាក់ចំណូល ៦៣២ ពាន់លាន ដុល្លារ នៅ ឆ្នាំ ២០២៣ ពោលគឺ កើនឡើងជាង ៤% បើប្រៀបធៀប នឹង ឆ្នាំ ២០២២។
នៅក្នុងពិភពលោក មួយដែល សំបូរ ទៅដោយ សង្រ្គាម ជម្លោះប្រដាប់អាវុធ និងការនិយាយគំរាមគ្នាទៅវិញ ទៅមក អ្នកដែល ចំណេញ ចាំត្រងយកផលប្រយោជន៍ច្រើនជាងគេ គ្មានអ្នកណា ក្រៅតែ ពី ក្រុមហ៊ុន ផលិត លក់អាវុធ។
វិទ្យាស្ថានស្រាវជ្រាវ សន្តិភាព អន្តរជាតិ ហៅកាត់ជាភាសា អង់គ្លេស Sipri បានបញ្ជាក់ រឿងនេះ នៅក្នុង របាយការណ៍ មួយ ចុះផ្សាយ កាលពីថ្ងៃចន្ទទី ២ធ្នូ។ នៅក្នុង របាយការណ៍ វិទ្យាស្ថាន Sipri ដែលមានទីស្នាក់ការ នៅទីក្រុង ស្តុកខូម Stockholm ប្រទេស ស៊ុយអែត បាន សរសេរ ថា ការលក់អាវុធ របស់ ក្រុមហ៊ុន ផលិតអាវុធធំៗ ក្នុងពិភពលោក បាន កើនឡើង ចំនួន ៤,២% ក្នុង ឆ្នាំ ២០២៣។ ជារួម ក្នុង រយៈពេល ១ឆ្នាំ ក្រុមហ៊ុន ផលិតអាវុធក្នុងពិភពលោក ប្រមាណ ១០០ បាន លក់អាវុធ ក្នុងតម្លៃទឹកប្រាក់ ៦៣២ ពាន់លាន ដុល្លារ កាលពីឆ្នាំទៅមិញ។
សង្រ្គាម អ៊ុយក្រែន សង្រ្គាមហ្កាហ្សា និង ភាពតានតឹងប្រជែង កម្លាំងគ្នា នៅ តំបន់ អាស៊ី ព្រមទាំងនយោបាយ បំពាក់អាវុធ ឲ្យ កងទ័ព នៅតាម បណ្តាប្រទេសជាច្រើន នៅក្នុងពិភពលោក ជាដើមចម ជំរុញ ឲ្យ មុខជំនួញលក់អាវុធ កាក់កបខ្លាំង។ បើតាម របាយការណ៍ របស់ វិទ្យាស្ថាន Sipri ដោយសារ តម្រូវការ កុម្ម៉ង់សព្វាវុធកើនឡើង មិនឈប់ ក្រុមហ៊ុន ផលិត លក់អាវុធ ប្រមាណ ១០០ នៅក្នុង ពិភពលោក អាច កើប លុយ បាន ម្នាក់ៗ បាន ជាង ១ពាន់ លាន ដុល្លារ ក្នុងឆ្នាំ ២០២៣។
និន្នាការ នេះ បន្ត មាន នៅឆ្នាំ ២០២៤ នៅពេល ក្រុមហ៊ុន រោងចក្រ ផលិតអាវុធ ទាំងនោះ រើស បញ្ចូល បុគ្គលិក បន្ថែមទៀត ដើម្បី ឆ្លើយតប នឹង តម្រូវការ កុម្ម៉ង់ កើនឡើង នៅ ថ្ងៃអនាគត។
ជា ការកត់សំគាល់ របស់ វិទ្យាស្ថានស្រាវជ្រាវ សន្តិភាព អន្តរជាតិ ក្រុមហ៊ុនធុនតូច និង មធ្យមអាចឆ្លើយតប នឹង តម្រូវការ កុម្ម៉ង់ បាន ដោយ មាន ប្រសិទ្ធភាព ជាង ក្រុមហ៊ុនធំៗ ដែល ពឹងផ្អែកច្រើន ទៅលើ ក្រុមហ៊ុន ដៃគូ ដែលជា អ្នកផ្គត់ផ្គង់ គ្រឿងផ្គុំ បន្លាស់។ ជាក់ស្តែង ក្រុមហ៊ុន ផលិត អាវុធ របស់ អាមេរិក ដែលធំជាងគេ ក្នុងពិភពលោក ដូចជា Lockheed Martin និង RTX ដែលធ្លាប់មាន ឈ្មោះ ថា Raytheon Technologies មាន ប្រាក់ចំណូលធ្លាក់ចុះ ទៅវិញ នៅឆ្នាំ ២០២៣ (១,៦% និង ១,៣%)។
យ៉ាងណាក៏ដោយ ក្រុមហ៊ុន លក់អាវុធ អាមេរិក នៅតែ នាំមុខគេ ខាងផលិតអាវុធ។ អាមេរិក នាំមុខគេ ព្រោះ មាន ក្រុមហ៊ុនលក់អាវុធ ដល់ទៅ ៤១ ក្នុងចំណោម ក្រុមហ៊ុន ផលិតអាវុធធំៗចំនួន ១០០នៅក្នុងពិភពលោក។ អឺរ៉ុបឯណេះវិញ ដែលមាន ក្រុមហ៊ុន ផលិត អាវុធ ចំនួន ២៧ ក្នុងបញ្ជីទាំង ១០០ ចាប់ផ្តើម មាន សន្ទុះ ផលិត អាវុធ ច្រើនជាងមុន ដូចជា គ្រាប់ កាំភ្លើងធំ និង ប្រព័ន្ធការពារ ដែនអាកាស ដែលគេត្រូវការ ប្រើ ច្រើន នៅក្នុង សង្រ្គាម អ៊ុយក្រែន និង ដើម្បី បំពាក់អាវុធ ឲ្យ កងទ័ព របស់ខ្លួនឡើងវិញ បន្ទាប់ពីខ្ជីខ្ជារ មិន យកចិត្ត ទុកដាក់ នៅក្រោយ ចប់ សង្រ្គាមត្រជាក់។
បើតាម របាយការណ៍ របស់ Sipri សង្រ្គាម អ៊ុយក្រែន និង ហ្កាហ្សា មិនត្រឹម ធ្វើ ឲ្យ អឺរ៉ុប ភ្ញាក់ខ្លួន ពង្រឹង ឧស្សាហកម្មយោធា ប៉ុន្តែ សង្រ្គាម ពីរនេះ បានធ្វើ ឲ្យ ក្រុមហ៊ុន ផលិតអាវុធ នៅរុស្ស៊ី និងនៅដើមបូព៌ា កើបលុយ បានយ៉ាង ច្រើន សម្បើម។ នៅរុស្ស៊ី សេដ្ឋកិច្ច សង្រ្គាម របស់ លោកពូទីន បានធ្វើ ឲ្យ ក្រុមហ៊ុន ផលិត អាវុធ ចំនួន ២ ក្នុង នោះ មាន Rostec រកបាន ប្រាក់ចំណូល ពី ការលក់អាវុធ កើនឡើង ដល់ ទៅ ៤៩%។ សង្រ្គាមអ៊ុយក្រែន បាន ទាក់ទាញ ឲ្យ ក្រុមហ៊ុន រោងចក្រ នៅ តំបន់ ដើមបូព៌ា ដំណើរការ ជាប់ជាប្រចាំ។ ប្រាក់ចំណូល របស់ ក្រុមហ៊ុន តួកគី បានកើនឡើង ២៤% ដោយសារ ការផលិត ដ្រូន សម្រាប់ លក់ ទៅ ឲ្យអ៊ុយក្រែន និងរដ្ឋាភិបាលតួកគីផ្ទាល់ ដែលជំរុញ ធ្វើ ទំនើបកម្មយោធា។ នៅអ៊ីស្រាអែលឯណោះវិញ ក្រុមហ៊ុន ផលិតអាវុធ ចំនួន ៣ រក ប្រាក់ចំណូល បាន ពី ការលក់អាវុធ ប្រមាណ ១៣,៦ ពាន់លាន ដុល្លារ កើនឡើង១៥% បើធៀបនឹង ឆ្នាំ ២០២២។
អាវុធ មួយផ្នែក របស់ ក្រុមហ៊ុន អ៊ីស្រាអែល ត្រូវ កងទ័ពអ៊ីស្រាអែល យកទៅប្រើ ក្នុង សង្រ្គាម នៅ ហ្កាហ្សា។ នៅអាស៊ី ក្រុមហ៊ុន កូរ៉េខាងត្បូង និងជប៉ុន រក ប្រាក់ចំណូល បាន ពី ការលក់អាវុធ ច្រើនជាង ឆ្នាំមុនៗ ប្រមាណ ៣៥% ច្រើនជាង ក្រុមហ៊ុន រដ្ឋ ចិន ទាំង ៩ ដែល បោះជំហាន យឺតៗ ដោយសារ តែសេដ្ឋកិច្ច ដើរមិនសូវលឿន នៅ ឆ្នាំ ២០២៣៕
Nº.0206