កាសែត Sunday Guardian៖រដ្ឋបាលរបស់លោកចូ បៃឌិននៅពីក្រោយគម្រោងបដិវត្តន៍ពណ៌នៅកម្ពុជា
តាមការចុះផ្សាយរបស់កាសែតឥណ្ឌា The Sunday Guardian នៅថ្ងៃទី១០ វិច្ឆិកា រដ្ឋបាលអាមេរិករបស់លោក ចូ បៃឌិនជាអ្នកនៅពីក្រោយនៃគម្រោងបដិវត្តន៍ពណ៌នានានៅក្នុងប្រទេសកម្ពុជា។ អត្ថបទរបស់ The Sunday Guardian បានឲ្យដឹងថា មានអ្នកផ្ញើឯកសារផ្ទៃក្នុងមួយចំនួន និងថា ភ្នាក់ងារចម្រុះដែលមានទីតាំងនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតបានសហការជាមួយអ្នកនយោបាយប្រឆាំងនៅកម្ពុជាដោយប្រើប្រាស់បញ្ហាតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដើម្បីផ្តួលរលំរដ្ឋាភិបាលបច្ចុប្បន្ន។
តាមព័ត៌មានចុះផ្សាយដោយកាសែតឥណ្ឌា The Sunday Guardian ក្រុមប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាមួយចំនួនត្រូវបានសហរដ្ឋអាមេរិកផ្តល់ជំនួយជាលុយកាក់តាមរយៈអង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅអាមេរិកដូចជាអង្គការ NDI USAID និង OSF ជាដើម។ ជំនួយទាំងនោះបានផ្តល់ទៅឲ្យក្រុមចលនាខ្មែរប្រជាធិបតេយ្យដឹកនាំដោយលោកស្រី មូរ សុខហួរ អតីតគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ីដែលមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន និងបង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅប្រទេស។ ទន្ទឹមគ្នានេះ ជំនួយរបស់អង្គការ NDI USAID និង OSF ក៏បានផ្តល់ទៅឲ្យក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែរ។
វិទ្យុបារាំងអន្តរជាតិ RFI មិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតអាមេរិកប្រចាំកម្ពុជាបាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី១១ វិច្ឆិកានេះ។ តែកាលពីឆ្នាំ២០១៩ កន្លង លោកដូណាល់ ត្រាំដែលជាប្រធានាធិបតីអាមេរិកពេលនោះធ្លាប់បានផ្ញើលិខិតមួយច្បាប់ឲ្យលោក ហ៊ុន សែនដែលជានាយករដ្ឋមន្រ្តីកម្ពុជាកាលណោះថា អាមេរិកមិនបានស្ថិតពីក្រោយគម្រោងការណ៍ធ្វើបដិវត្តន៍ពណ៌ ឬចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជានោះឡើយ។ នៅក្នុងលិខិតដដែលកាលណោះ លោកដូណាល់ ត្រាំថែមទាំងបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកគោរពឆន្ទៈអធិបតេយ្យរបស់ប្រជាជនកម្ពុជា ហើយអាមេរិកមិនស្វែងរកឱ្យមានការប្តូររបប ឬមេដឹកនាំរបស់កម្ពុជាទេ។
គួររំលឹកថា សំណុំរឿងពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ CLV-DTA ជារឿងដ៏ក្តៅកកុកមួយកាលពីអំឡុងខែសីហា ឆ្នាំ២០២៤ រវាងអ្នកនយោបាយប្រឆាំង និងរដ្ឋាភិបាល។ ទន្ទឹមគ្នានេះ ប្រធានបទដដែលមួយនេះក៏ត្រូវបានពលរដ្ឋខ្មែរជាច្រើនយកចិត្តទុកដាក់ និងសម្តែងការព្រួយបារម្ភជុំវិញអធិបតេយ្យភាព និងបូរណភាពទឹកដី។ កាលណោះ មានពលរដ្ឋខ្មែរទាំងក្នុងស្រុក និងក្រៅស្រុកបានផ្ទុះការតវ៉ាដោយទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ជាមួយឡាវ និងវៀតណាម។
ទីបំផុតក្នុងថ្ងៃទី២០ ខែកញ្ញា កម្ពុជាក៏បានប្រកាសដកខ្លួនចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍រួមគ្នាជាមួយវៀតណាម និងឡាវ CLV-DTA ក្នុងហេតុផលភាពចាំបាច់ខាងនយោបាយ និងគិតគូរពីក្តីកង្វល់របស់ប្រជាជនពីបញ្ហាបាត់បង់ទឹកដី៕
N.0057