ចុះផ្សាយ នៅ ថ្ងៃ៖ 05/11/2024
កម្ពុជា-ថៃ
នា យករដ្ឋមន្ត្រីថៃធានាពីការមិនបាត់បង់កោះខុតដោយសារកិច្ចសហការនៅ OCA ជាមួយកម្ពុជា
លោកស្រីផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃបានអះអាងដោយធានាថា ថៃនឹងមិនបាត់បង់ដែនអធិបតេយ្យភាព និងទឹកដីកោះខុតដោយសារកិច្ចសហការអភិវឌ្ឍន៍រួមនៅតំបន់ប្រេងត្រួតស៊ីគ្នា OCA ជាមួយកម្ពុជាឡើយ។ ការចេញមុខធានារបស់នាយករដ្ឋមន្ត្រីថៃដូចនេះធ្វើឡើង បន្ទាប់ពីក្រុមជាតិនិយមថៃដែលមកពីគណបក្សចម្រុះកំពុងទាមទារឱ្យរដ្ឋាភិបាលថៃលុបចោលអនុស្សរណៈនៃការយោគយល់ (MOU) ស្ដីពីការអភិវឌ្ឍរួមគ្នានៅតំបន់ OCA កាលពីឆ្នាំ ២០០១។
នាយករដ្ឋមន្ត្រីថៃធានាពីការមិនបាត់បង់កោះខុតដោយសារកិច្ចសហការនៅ OCA ជាមួយកម្ពុជា
បន្ទាប់ពីបានជួបប្រជុំជាមួយមេដឹកនាំមកពីគណបក្សចម្រុះក្នុង ថ្ងៃទី៤ វិច្ឆិកា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់បានអះអាងដោយធានាថា រដ្ឋាភិបាលថៃនៅតែរក្សាជំហរចរចាជាមួយកម្ពុជាដោយប្រើប្រាស់អនុស្សរណៈនៃការយោគយល់ (MOU) ស្ដីពីការអភិវឌ្ឍន៍រួមគ្នានៅតំបន់ប្រេងត្រួតស៊ីគ្នាឆ្នាំ ២០០១ ដដែល។ ថ្លែងពីខាងមុខទីស្តីការគណៈរដ្ឋមន្ត្រីថៃ លោកស្រីផេថងថាន ស៊ីណាវ៉ាត់ក៏បានបញ្ជាក់ទៀតថារដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃបានព្រមព្រៀងគ្នារួចហើយថា កោះខុតគឺស្ថិតនៅក្នុងទឹកដីថៃ និងថា ភាគីកម្ពុជាក៏មិនបានទាមទារ ឬមានចិត្តចង់បំពារបំពានលើដែនអធិបតេយ្យភាពរបស់ថៃនៅតំបន់នោះដែរ។
ក្នុងន័យនេះត្រូវបានលោកស្រីផេថងថាន ស៊ីណាវ៉ាត់បញ្ជាក់ថា រដ្ឋាភិបាលថៃគ្មានភាពចាំបាច់អ្វីទៅពិចារណាលើសំណើលុបចោល MOU ស្ដីពីការអភិវឌ្ឍន៍រួមគ្នានៅតំបន់ប្រេងត្រួតស៊ីគ្នាជាមួយកម្ពុជារបស់ក្រុមជាតិនិយមជ្រុលថៃឡើយ។ តែលោកស្រីផេថងថាន ស៊ីណាវ៉ាត់ក៏មិនភ្លេចបញ្ជាក់ដោយធានាថា ថៃនឹងមិនបាត់បង់ដែនអធិបតេយ្យភាព និងទឹកដីរបស់ខ្លួន ដោយសារកិច្ចសហការអភិវឌ្ឍន៍រួមនៅតំបន់ប្រេងត្រួតស៊ីគ្នា OCA ជាមួយកម្ពុជាដាច់ខាត។
ពីខាងរដ្ឋាភិបាលកម្ពុជាវិញ អ្នកនាំពាក្យលោកប៉ែន បូណាធ្លាប់បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRFI ពីជំហរម៉ឺងម៉ាត់របស់ខ្លួនថា កម្ពុជាគ្មានមហិច្ឆតាចង់បានទឹកដីពីប្រទេសជិតខាងណាមួយ ហើយក៏មិនឱ្យទឹកដីកម្ពុជាបាត់បង់ទៅកាន់ប្រទេសណាមួយដែរ។ តាមលោក ប៉ែន បូណា អ្វីដែលកើតឡើងនាពេលនេះជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសថៃតែប៉ុណ្ណោះ។ លោកយល់ថា បញ្ហាព្រំដែនគឺជាប្រធានបទដែលក្រុមអ្នកជាតិនិយមមិនថាកម្ពុជា ឬថៃ តែងយកមករិះគន់វាយប្រហាររដ្ឋាភិបាលរៀងៗខ្លួន។ សម្រាប់អ្នកនាំពាក្យដដែលរូបនេះ រដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិបានខិតខំកសាងព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
គួរជ្រាបថា ក្រុមជាតិនិយមថៃបាន និងកំពុងស្នើឱ្យរដ្ឋាភិបាលខ្លួនកុំបន្ទន់ឥរិយាបថជាមួយកម្ពុជាក្នុងការទាមទារយកតំបន់ប្រេងត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃត្រឡប់មកវិញក្រោមហេតុផលថា ការទាមទាររបស់កម្ពុជាក្នុងតំបន់មួយនេះបានរំលោភយកដែនកោះខុតរបស់ថៃដល់ទៅពាក់កណ្តាល។ ទន្ទឹមគ្នានេះ ក្រុមជាតិនិយមថៃខ្លះថែមទាំងបានទាមទារឱ្យដកអនុស្សរណៈនៃការយោគយល់ (MOU) ស្ដីពីការអភិវឌ្ឍរួមគ្នានៅតំបន់ OCA ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០០១ ដោយមេដឹកនាំថៃ និងកម្ពុជាក្នុងជំនាន់រដ្ឋាភិបាលថៃដឹកនាំដោយលោកថាក់ស៊ីន និងរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោក ហ៊ុន សែន៕
N.0019