របាយការណ៍ថា ក្នុងមួយឆ្នាំមានស្លាប់ មនុស្ស យ៉ាងហោច ១,៥លាននាក់ ដោយសារខ្យល់ពុល
ក្នុងមួយឆ្នាំ មានមនុស្ស ប្រមាណ ១លាន៥សែននាក់ ដែលបានស្លាប់ដោយសារបញ្ហា ខ្យល់ដកដង្ហើម មិនស្អាតបរិសុទ្ធ ។ នេះបើផ្អែកតាមរបាយការណ៍ ស្រាវជ្រាវថ្មីមួយ ចេញផ្សាយ នៅក្នុងទស្សនាវត្តី The Lancet កាលពីថ្ងៃទី ២៨វិច្ឆិកា ម្សិលមិញ ។ ផ្អែកតាមរបាយការណ៍នេះ គឺក្នុងចំណោម ជនរងគ្រោះស្លាប់ដោយសារខ្យល់ពុលនេះ ភាគច្រើនស្ថិតនៅតាមប្រទេសក្រីក្រ ប្រទេសកំពុងអភិវឌ្ឍ។
ទស្សនាវត្តីវិទ្យាសាស្ត្រ The Lancet នៅថ្ងៃព្រហស្បតិ៍ទី ២៨វិច្ឆិកា បានចុះផ្សាយនូវរបាយ ការណ៍ថ្មីមួយ ស្តីអំពីចំនួន មនុស្សស្លាប់ទូទាំងពិភពលោក ដែលបណ្តាល មកពីមូលហេតុខ្យល់ពុល ក្នុងបរិយាកាស។ ក្រុមអ្នកស្រាវជ្រាវអន្តរជាតិ បាន រួមគ្នា ប្រមូលទិន្នន័យ ដើម្បីធ្វើ ការវិភាគ ទាក់ទិននឹងខ្យល់ពុល ក្នុងបរិយាកាស ដែលបណ្តាល មកពី ភ្លើង ឆេះព្រៃផង និង ការដុតដីព្រៃធ្វើចំការផង។
ផ្អែកតាមរបាយការណ៍នេះ នៅចន្លោះពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៩ គឺមានមនុស្សប្រមាណ ៤៥ម៉ឺននាក់ក្នុងមួយឆ្នាំ នៅទូទាំងពិភពលោក ដែលបានស្លាប់ដោយសារតែជំងឺ បេះ ដូង បង្កឡើងដោយ ខ្យល់ពុល ហើយដែលសារធាតុពុលក្នុងបរិយាកាសនេះ បណ្តាល មកពី ភ្លើង ព្រៃ។ បន្ថែមពីនេះ គឺមានមនុស្ស ២២ម៉ឺននាក់យ៉ាងហោច ដែលស្លាប់ដោយសារតែខូចប្រព័ន្ធដកដង្ហើម បង្កឡើងដោយ សារតែផ្សែងពុល ក្នុងបរិយាកាស ។ ជាសរុប មានមនុស្សស្លាប់យ៉ាងហោច ១លាន ៥សែន៣ម៉ឺននាក់ ក្នុងមួយឆ្នាំ ដែលស្លាប់ដោយជំងឺឬមួយហេតុចម្រុះផ្សេងៗគ្នា ហើយដែលសុទ្ធតែពាក់ព័ន្ធដោយ ផ្ទាល់ ឬដោយ ប្រយោលជាមួយ នឹង ខ្យល់អាកាសដកដង្ហើម មិនស្អាតបរិសុទ្ធ។
តួលេខបានបង្ហាញឲ្យឃើញផងដែរថា ជាង ៩០% នៃករណី ស្លាប់ទាំងនេះ គឺបានកើតឡើងនៅ តាម ប្រទេសមានចំណូលទាប និងមធ្យម ហើយដែលក្នុងចំណោមនេះ គឺ ៤០%នៃអ្នកស្លាប់ ស្ថិតនៅ ទ្វីបអាហ្វ្រិក តំបន់ ខាងក្រោមសមុទ្រ ខ្សាច់សាហារ៉ា។ ប្រទេសដែល មានអ្នកស្លាប់ដោយសារខ្យល់ពុល ច្រើនជាងគេបង្អស់ គឺមាន ចិន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ឥណ្ឌា ឥណ្ឌូណេស៊ី និង នីហ្សេរីយ៉ា។
ជាឧទាហរណ៍ អ្នកស្រាវជ្រាវបាន លើកឡើងអំពី ករណី ដុតរានដីព្រៃដីចំការ យ៉ាងអាណាធិបតេយ្យដោយ ខុសច្បាប់ នៅភាគខាងជើងប្រទេសឥណ្ឌា ដែល បានបង្កឲ្យ មានផ្សែងពុលលាយឡំដោយ ល្អងផេះ តូចល្អិត គ្រប់ដណ្តប់ពាសពេញ ពីលើផ្ទៃអាកាស រដ្ឋធានីញូដេលី ។ ផ្អែកតាមអ្នកស្រាវជ្រាវ ចំនួន មនុស្សស្លាប់ទូទាំងពិភពលោក នឹង ពិតជា កើនឡើងលើសនេះទៀត ក្នុងពេលអនាគត ដោយសារតែ ផែនដីឡើងកំដៅ បង្ក ឲ្យ មានភ្លើងឆេះព្រៃកាន់តែញឹកញាប់ទប់មិនឈ្នះ ។
ក្រុមអ្នកស្រាវជ្រាវបានអំពាវនាវ ឲ្យ ពិភពលោកចាត់វិធាន ការ រកមធ្យោបាយ ដើម្បីដោះស្រាយ បញ្ហានេះ ដោយត្រូវ ផ្តល់ យុត្តិធម៌ជូន ប្រជាជននៅតាមប្រទេសក្រីក្រ ដែលរងគ្រោះធ្ងន់ឡើងៗ។ ក្រៅតែពីគ្មានមធ្យោបាយដើម្បីគេចចេញពី ផ្សែងពុលក៏ដូចជា ភ្លើងព្រៃ ប្រជាជននៅតាមប្រទេសក្រីក្រ ក៏មិនអាច ធ្វើដំណើរចេញឆ្ងាយ ពី តំបន់ដែល មានផ្សែងពុល គ្មានលទ្ធភាពប្រើប្រាស់ ម៉ាស៊ីន បន្សុតខ្យល់ ហើយ ក៏មិនអាចសំងំនៅតែខាងក្នុងផ្ទះបានដែរ ដោយសារតែពួកគេ ត្រូវចេញក្រៅ ប្រកប របរ ចិញ្ចឹមជីវិត ។ របាយការណ៍ បាន ហៅ ឲ្យ មានការជួយ ផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ឲ្យ បាន គ្រប់គ្រាន់ ដល់ ប្រទេសក្រីក្រ។
គួរកត់សំគាល់ថា របាយការណ៍វិទ្យាសាស្ត្រនេះ បានចេញផ្សាយ ១សប្តាហ៍ បន្ទាប់ពីសន្និសីទស្តីពីអាកាសធាតុ COP29 បានបិទបញ្ចប់ទៅនៅទីក្រុងបាគូប្រទេសអាស៊ែបៃហ្សង់។ សន្និសីទនេះបានអនុម័តបាន នូវកិច្ចព្រមព្រៀង មួយ ដែលប្រទេសអ្នកមានបានសន្យា ប្រមូល ប្រាក់ ឲ្យ បាន ៣០០ពាន់ លានដុល្លារក្នុងមួយឆ្នាំ ជួយប្រទេសកំពុងអភិវឌ្ឍន៍ដើម្បី ទប់ទល់ជាមួយវិបត្តិអាកាសធាតុ ។ ក្រៅតែពីមហន្តរាយធម្មជាតិដូចជាខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួត កាន់តែកាចសាហាវនិងញឹកញាប់ ការកើនឡើងកំដៅផែនដី បានបង្កជាភ្លើងឆេះព្រៃសន្ធោសន្ធៅ រាប់ម៉ឺនហិកតាក្នុងមួយឆ្នាំៗ សូម្បីតែនៅតាមតំបន់ភាគខាងជើងផែនដី ដែលពីមុនមក គេកម្រឃើញ មានភ្លើងឆេះព្រៃ ៕
Nº.0111