ក្រសួងបរិស្ថានដាក់ដេញថ្លៃការប្រមូលផល អនុផលព្រៃឈើនៅក្នុងគម្រោងវារីអគ្គិសនីស្ទឹងតាតៃ

7News

          ចុះផ្សាយ នៅ ថ្ងៃ៖ 09/11/2024 

ក្រសួងបរិស្ថានដាក់ដេញថ្លៃការប្រមូលផល អនុផលព្រៃឈើនៅក្នុងគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ



ក្រសួងបរិស្ថានកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រកាសឲ្យដឹងថា ក្រសួងនឹងដាក់ដេញថ្លៃជាសាធារណៈ ការប្រមូលផល អនុផលព្រៃឈើក្នុងអាងស្តុកទឹកនៃគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ ក្នុងខេត្តកោះកុង។ លើធនធានដែលអាចប្រមូលបាន ដើម្បីបង់ថ្លៃសួយសារ និងបុព្វលាភចូលថវិកាជាតិ។ ការដាក់ដេញថ្លៃ ប្រមូលផល និងអនុផលព្រៃឈើធ្វើឡើងបន្ទាប់ពីការសាងសង់វារីអគ្គិសនីនៅតំបន់តាតៃបានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំមុន។ 





គណៈកម្មការដេញថ្លៃប្រមូលផល អនុផលព្រៃឈើក្នុងការសម្អាតអាងស្ដុកទឹក នៃគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ បានអះអាងថា ការដាក់ដេញថ្លៃជាសាធារណៈនូវផល អនុផលព្រៃឈើដែលអាចប្រមូលនៅក្នុងអាងស្តុកទុកនៃគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើនឹងអាចឲ្យគេប្រមូលបានបុព្វលាតចូលថវិកាជាតិ។

នៅក្នុងសេចក្តីប្រកាស កាលពីថ្ងៃព្រហស្បតិ៍ទី៧វិច្ឆិកា ក្រសួងបរិស្ថានបានបញ្ជាក់ថា រូបវ័ន្ដបុគ្គល និងនីតិបុគ្គល អាចចូលរួមដេញថ្លៃបាន លើកលែងតែអ្នកមានដែលប្រវត្តិប្រព្រឹត្តបទល្មើសព្រៃឈើ និងជាប់ជំពាក់បំណុលរដ្ឋ ដែលមិនត្រូវអនុញ្ញាតឱ្យចូលរួមដេញថ្លៃ។ នៅក្នុងដំណើរការដេញថ្លៃទៀតសោត ក្រសួងនឹងអនុញ្ញាតឱ្យអង្គភាពប្រឆាំងអំពើពុករលួយ និងសមត្ថកិច្ចពាក់ព័ន្ធ ចូលរួមសង្កេតការណ៍គ្រប់ដំណាក់កាលនៃការដេញថ្លៃ។ ក្រសួងបរិស្ថាននៅបានបន្ថែមថា ក្រសួងចាប់ទទួលពាក្យស្នើសុំដេញថ្លៃ ពីថ្ងៃទី៦ វិច្ឆិកា រហូតដល់ថ្ងៃទី៥ ធ្នូ ឆ្នាំ២០២៤។ ចំណែកការដេញថ្លៃជាសាធារណៈ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។

នៅក្នុងគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ ក្នុងស្រុកថ្មបាំង ខេត្តកោះកុង មានឈើចម្រុះ សរុបចំនួន ៧២១៣ ម៉ែត្រគូប មានតម្លៃ ៤៤៥ ១៤២ ដុល្លារ និងមានកូនឈើចម្រុះប្រភេទ សរុបចំនួន១៦៨០៥ដើម និងអុសចំនួន ៨៦៨៨ស្ទែរ ដែលមានតម្លៃជិត៤ពាន់លានរៀល ឬស្មើជិត១លានដុល្លារ។ នេះបើយោងតាមការវាយតម្លៃរបស់ក្រសួងបរិស្ថាន។

គួរឱ្យដឹងថា កាលពី ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋាភិបាលបានបើកដំណើរការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់តាតៃលើ ដែលអាចមានសមត្ថភាពផលិតអគ្គិសនីចំនួន១៥០ មេហ្គាវ៉ាត់។ គម្រោងការសាងសង់ទទួលបន្ទុកដោយក្រុមហ៊ុនចិន Cambodia Upper Tatay Hydropower Co Ltd ជាមួយទឹកប្រាក់វិនិយោគជិត៤០០លានដុល្លារ។

ពាក់ព័ន្ធនឹងការដេញថ្លៃប្រមូលផល អនុផលព្រៃឈើនេះ លោក ហេង គឹមហុង នាយកប្រតិបត្តិនៃសមាគមបណ្ដាញយុវជនកម្ពុជាទទួលស្គាល់ថា ការដាក់ដេញថ្លៃ នៅពេលគម្រោងសាងសង់ទំនប់វារីអគ្គិសនី ជារឿងល្អ ដើម្បីជៀសវាងទុកព្រៃឈើលិចលង់ចោលក្នុងទឹក។ តែទោះជាយ៉ាងណា លោកយល់ថា ដំណើរការដេញថ្លៃត្រូវមាននីតិវិធីឱ្យបានច្បាស់លាស់ ល្អិតល្អន់ ជាពិសេសតម្លាភាព ដើម្បីកុំឱ្យមានការកេងប្រវ័ញ្ច កេងប្រយោជន៍ណាមួយកើតឡើង។

មួយវិញទៀត លោក ហេង គឹមហុង រំពឹងថា មួយចំណែកនៃការដេញថ្លៃគួរផ្តល់ជាប្រយោជន៍ដល់សហគមន៍វិញ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ឬការពារព្រៃឈើក្នុងតំបន់ជុំវិញ ព្រោះថា ការកាប់ព្រៃឈើក្នុងពេលស្ដារបាតអាងដើម្បីសាងសងវារីអគ្គិសនីបានធ្វើឱ្យបាត់បង់គម្របព្រៃឈើរួចទៅហើយ។

ប្រធានសមាគមរូបនេះមិនភ្លេចបញ្ជាក់ដែរថា ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ គួរតែធ្វើអធិការកិច្ចលើក្រុមហ៊ុនដែលទទួលការសាងសង់ទំនប់វារីអគ្គិនី ដើម្បីធានាថា គ្មានការកាប់បំផ្លាញព្រៃឈើនៅតំបន់ផ្សេងទៀត។ កន្លងមក មានក្រុមជនខិលខូចបានលួចឆ្លៀតឱកាសកាប់ព្រៃឈើនៅតំបន់ផ្សេង និងជញ្ជូនយកទៅដាក់នៅបាតអាង៕


N.0041

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top