ពលរដ្ឋក្នុងខេត្តក្រចេះស្នើឱ្យស្ថាប័នរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លីជាមួយក្រុមហ៊ុនឯកជន

7News

ពលរដ្ឋក្នុងខេត្តក្រចេះស្នើឱ្យស្ថាប័នរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លីជាមួយក្រុមហ៊ុនឯកជន

ពលរដ្ឋប្រមាណ៣០នាក់ ដែលអះអាងថា ខ្លួនជាជនរងគ្រោះក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនឯកជនមួយក្នុងស្រុកសំបូរ ខេត្តក្រចេះ បានមកបោះតង់នៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាំងពីថ្ងៃពុធទី៦ វិច្ឆិកា ដើម្បីស្នើសុំឲ្យស្ថាប័នរដ្ឋាភិបាល ដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់ពួកគេ។ នេះជាលើកទី២ ដែលពលរដ្ឋខេត្តក្រចេះលើកគ្នាមកតវ៉ា បន្ទាប់ពីលើកទី១ ក្នុងខែមិថុនា ឆ្នាំ២០២៤កន្លងទៅ ពួកគេមិនទទួលបានដំណោះស្រាយពីក្រុមហ៊ុនឯកជនដែលប្រជាពលរដ្ឋ បានចោទប្រកាន់ថា បានឈូសឆាយដី និងដំណាំដាំដុះរបស់ពួកគេ។

ពលរដ្ឋប្រមាណ៣០នាក់ដែលបានមកដាក់ញត្តិ ស្នើឱ្យស្ថាប័នរដ្ឋាភិបាល ដោះស្រាយជម្លោះដីធ្លីជាមួយក្រុមហ៊ុនឯកជនក្នុងខេត្តក្រចេះ បានមកបោះតង់នៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងទីក្រុងភ្នំពេញ តាំងពីថ្ងៃពុធទី ៦វិច្ឆិកា។

បើតាមមន្រ្តីរបស់អង្គការលីកាដូ ទោះបីជាមានការសម្របសម្រួលពីមន្ដ្រីមួយចំនួនមកពីខេត្តក្រចេះ ដែលបានស្នើឱ្យពួកគេត្រលប់ទៅខេត្តវិញ ពលរដ្ឋទាំងនោះធ្លាប់បានបដិសេធ និងសម្រេចចិត្តបន្តស្នាក់នៅ មុខក្រសួងរៀបចំដែនដី រហូតដល់មានដំណោះស្រាយ។ ប៉ុន្តែ នៅថ្ងៃសុក្រទី៨ វិច្ឆិកា ពួកគេដែលតំណាងឱ្យពលរដ្ឋចំនួន២៥២គ្រួសារ ក្នុងស្រុកសំបូរ ខេត្តក្រចេះបានសម្រេចចិត្តត្រលប់ទៅភូមិវិញ បន្ទាប់ពីអាជ្ញាធរប្រមូលឥវ៉ាន់របស់ពួកគាត់ដាក់រថយន្តក្រុង។

គួររំលឹកថា មន្រ្តីរបស់ក្រសួងរៀបចំដែនដីបានចេញមកទទួលញត្តិរបស់ពលរដ្ឋទាំងនោះ ប៉ុន្តែ
បានហាមមិនឱ្យពួកគេធ្វើដំណើរទៅកាន់ស្ថាប័នរដ្ឋាភិបាលផ្សេងទៀត ដើម្បីដាក់ញត្តិឡើយ។ បើតាមអង្គការលីកាដូ មានពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះ ដែលត្រូវបានក្រសួងអនុញ្ញាតឱ្យធ្វើដំណើរយកញត្តិទៅដាក់នៅស្ថាប័នផ្សេងទៀត ដែលមានដូចជាក្រសួងមហាផ្ទៃ និងខុទ្ទកាល័យនាយករដ្ឋមន្ដ្រី។

អង្គការសិទ្ធមនុស្សលីកាដូ បន្ដថា ពលរដ្ឋដែលនៅសេសសល់ត្រូវបានកងសន្ដិសុខខណ្ឌ និងមន្ដ្រីឃ្លាំមើលនៅមុខទីស្ដីការក្រសួង។ គួរដឹងថា នេះជាលើកទី២ហើយ ដែលពលរដ្ឋនៅស្រុកសំបូរ ខេត្តក្រចេះបានមកដាក់ញត្តិនៅស្ថាប័នរដ្ឋាភិបាលថ្នាក់ជាតិបែបនេះ។ កាលពីលើកទី១ ពលរដ្ឋបានមកតវ៉ា នៅក្រសួងរៀបចំដែនដី នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីជម្លោះដីធ្លីបានកើតឡើង រវាងពលរដ្ឋសហគមន៍ និងក្រុមហ៊ុនដីសម្បទានឯកជន។ បើតាមប្រជាពលរដ្ឋខាងលើ ក្រុមហ៊ុនមិនត្រឹមឈូសឆាយដី និងដំណាំ ប៉ុន្តែ នៅបានចោទប្រកាន់ពួកគេថា បានកាន់កាប់ដីធ្លីដោយខុសច្បាប់ និងប្រើប្រាស់អំពើហិង្សាផងដែរ។

លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដីបានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI នៅថ្ងៃទី៨ វិច្ឆិកានេះថា ក្រសួងនឹងចាត់ក្រុមការងារពិនិត្យ ស្រាវជ្រាវលើករណីនេះ។ ប៉ុន្តែ រដ្ឋបាលខេត្តក្រចេះ បានចេញមកប្រកាសព័ត៌មាន នៅថ្ងៃទី៧ វិច្ឆិកាថា ក្រុមការងារខេត្តបានប្រជុំដោះស្រាយបញ្ហាដីធ្លីជាមួយពលរដ្ឋ ចំនួន៥លើកមកហើយ។

ជាក់ស្តែង រដ្ឋបាលខេត្តក្រចេះបានរកឃើញ ក្នុងកិច្ចប្រជុំនាថ្ងៃទី៤ វិច្ឆិកាថា ដីដែលពលរដ្ឋកំពុងកាន់កាប់ និងអាស្រ័យផលនោះ គឺជាដីដែលក្រុមហ៊ុនឯកជនបានទទួលសិទ្ធិវិនិយោគសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលកាលពីឆ្នាំ ២០០៩ និងត្រូវចុះបញ្ជីជាដីឯកជនរបស់រដ្ឋតាំងពីឆ្នាំ២០១០ និងឆ្នាំ២០១៣។ តែក្រុមហ៊ុននេះ បានផ្អាកសកម្មភាពអំឡុងពេលជួបវិបត្តិជំងឺកូវីដ១៩។ រដ្ឋបាលខេត្តក្រចេះបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី៧វិច្ឆិកាថា នៅឆ្នាំ២០២២ មានពលរដ្ឋមកទន្ទ្រានកាប់កាប់ខុសច្បាប់ ហើយអាជ្ញាធរក៏បានសម្របសម្រួល និងដោះស្រាយជាបន្ដបន្ទាប់ដូចគ្នា។

លើកនេះ រដ្ឋបាលខេត្តក្រចេះ បានប្រកាសមិនទទួលស្គាល់ពលរដ្ឋណាដែលកំពុងកាន់កាប់ដោយខុសច្បាប់លើទីតាំងដីរបស់ក្រុមហ៊ុន និងប្រកាសបិទបញ្ចប់សំណុំរឿង មិនលើកយកមកដោះស្រាយបន្ដនោះទេ។ ប៉ុន្តែ ជាមួយគ្នានោះ រដ្ឋបាលខេត្តក្រចេះអំពាវនាវឲ្យប្រជាជនដែលកាន់កាប់ដីធ្លីខុសច្បាប់ខាងលើ ដែលគ្មានដីពិតប្រាកដមែន ត្រូវដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចទៅកាន់គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត តាមរយៈរដ្ឋបាលឃុំ ស្រុករបស់ពួកគេ៕


N.0037

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top