សង្គ្រាម អ៊ុយក្រែន ត្រូវបញ្ចប់ហើយ

7News

 ចុះផ្សាយ នៅ ថ្ងៃ៖ 10/11/2024 

សង្គ្រាម អ៊ុយក្រែន ត្រូវបញ្ចប់ហើយ

ទីប្រឹក្សា លោកត្រាំថា អាទិភាព នៅអ៊ុយក្រែន គឺបញ្ចប់ សង្គ្រាមមិនមែន ទាមទារ ដី



រដ្ឋបាល ដឹកនាំ សហរដ្ឋអាមេរិកថ្មីរបស់ លោក ដូណាល់ ត្រាំ នឹងនាំមកនូវ សន្តិភាព, បញ្ចប់ សង្គ្រាម នៅ អ៊ុយក្រែន  តែ មិន មែន ទាមទារ ដែនដីដែលបាត់ហើយ មកវិញនោះឡើយ ។ នេះបើតាម ប្រសាសន៍ ទីប្រឹក្សា ម្នាក់ របស់លោក ដូណាល់ ត្រាំ ដែល បាន ថ្លែង ប្រាប់ បណ្តាញទូរទស្សន៍ BBC និងត្រូវចាក់ផ្សាយ នៅថ្ងៃ សៅរ៍។ ជំហរដូច្នោះ ផ្ទុយ ខុស ខ្លាំងណាស់ ពី អ្វី ដែល ថ្នាក់ដឹកនាំ អ៊ុយក្រែន ធ្លាប់ ទាមទារ ។ ចំពោះ អ៊ុយក្រែន, សន្តិភាពត្រូវ ភ្ជាប់ជាមួយ យុត្តិធម៌។  






កាលពីខែ កញ្ញា លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី និង លោក ដូណាល់ ត្រាំ ជួប គ្នា នៅ បុរីញូវយ៉ក។ 


អនាគត រដ្ឋបាល ដឹកនាំលោក ដូណាល់ ត្រាំ នឹង បញ្ចប់ សង្គ្រាម និង ពុំមែន ទាមទារ យក ដែនដីដែល បាត់បង់ ទៅហើយនោះ មកឲ្យអ៊ុយក្រែន វិញឡើយ។ នេះបើតាម លោក Bryan Lanza ជា ទីប្រឹក្សា ដ៏ យូរ ឆ្នាំម្នាក់ របស់ លោក ត្រាំ ដែល បាន ផ្តល់ សម្ភាសន៍ ទៅកាន់ ទូរទស្សន៍ BBC  ដោយ បញ្ជាក់ទៀត ថា កិច្ចការ ជាអាទិភាព គឺរំលត់ ភ្លើង ចម្បាំង និង បញ្ឈប់ ការ កាប់សម្លាប់ បង្ហូរ ឈាម តទៅទៀត។

តាមប្រភពដដែល, រដ្ឋបាល អាមេរិក ថ្មី ក្រោមការដឹកនាំ របស់លោក ត្រាំ នឹង ស្នើ «ទស្សនវិស័យ សន្តិភាព» ទៅឲ្យ ប្រធានាធិបតី អ៊ុយក្រែន  ហើយ ប្រសិន បើលោក វ៉ូឡូឌីមៀរ ហ្សេឡេន ស្គី ចូលតុចចារ និងបែរ និយាយ ថា សន្តិភាពអាចសម្រេច ទៅបាន ទាល់តែ បាន ដីគ្រីមេ មកវិញ  នោះ បាន សេចក្តីថា លោក ហ្សេឡេន ស្គី មិនមែន ជា មនុស្ស ប្រាកដនិយម ច្បាស់លាស់ទេ។ ការពិត, ទឹកដីគ្រីមេ បាត់ទៅហើយ។ ប្រសិន បើ ចង់ ច្បាំង ទាមទារ ដីគ្រីមេ នេះមកវិញ និងចង់ឲ្យ ទ័ព អាមេរិក ទៅជួយ ច្បាំងយក ដីនោះមកឲ្យ សូម លោក ហ្សេឡេន ស្គី ធ្វើ ខ្លួន ឯង ចុះ។ នេះ បើយោង តាមប្រសាសន៍ របស់ លោក Bryan Lanza ទីប្រឹក្សា ចាស់ ឆ្នាំ របស់ លោក ត្រាំ។ ទីប្រឹក្សា រូបនេះ ពន្យល់ទៀត ថា អ្វីដែល អាមេរិក នឹងត្រូវបញ្ជាក់ទៅ អ៊ុយក្រែន គឺជា ទស្សនវិស័យ ចំពោះ សន្តិភាព១ដ៏ប្រាកដប្រាជា។ នេះពុំមែន ជា ភាពស្រមើល ស្រមៃ ដើម្បី ជ័យជម្នះទេ តែ ជា ចក្ខុវិស័យ ដើម្បីសន្តិភាព ។ ចំណុច នេះ គេ ត្រូវ ទទួល ស្គាល់ ការពិត និង ជជែកគ្នាដោយស្មោះត្រង់។

សេចក្តីពន្យល់ ទាំង នេះ ទំនង ជា ខុសអំពី អ្វី ដែល ប្រមុខ រដ្ឋអ៊ុយក្រែន ធ្លាប់ ទាមទារ ពីមុន ។ ក្នុង គម្រោង ផែនការជ័យ ជម្នះ និង គម្រោង សន្តិភាព យុត្តិធម៌ ដ៏ត្រឹមត្រូវ របស់ លោក ហ្សេឡេន ស្គី គឺ ថា កងទ័ព រុស្ស៊ីទាំងអស់ ត្រូវតែ ដកកម្លាំង ទ័ព ចាក ចេញពី ទឹកដី អ៊ុយក្រែន ហើយទន្ទឹម នឹងគ្នា នោះ ដែនដី ទាំងឡាយ ដែល រុស្ស៊ី រំលោភ ឈ្លាន ពាន យក រួម ទាំង ទឹកដី គ្រីមេ ផង ត្រូវតែ ប្រគល់ មកឲ្យ អ៊ុយក្រែន វិញ។

គួរ រំឭកថា ទឹកដី គ្រីមេ ត្រូវ រុស្ស៊ី របស់បុរសខ្លាំង វ្ល៉ាឌីមៀរ ពូទីន លេបត្របាក់យក មកដាក់ ក្នុង ដែន ឧបសម្ព័ន្ធ ផែន ទី រុស្ស៊ី តាំងពីឆ្នាំ២០១៤។ ៨ឆ្នាំក្រោយមក រុស្ស៊ី ក៏ បញ្ឆេះភ្លើង សង្គ្រាម ឈ្លានពាន ដី អ៊ុយក្រែន ថែម ទៀត។ ក្នុង ភ្នក់ភ្លើងចម្បាំងជាង ២ឆ្នាំមក នេះ អ៊ុយក្រែនបាន ស្នើ សុំ សហរដ្ឋ អាមេរិកនិង សម្ព័ន្ធមិត្ត លោកខាងលិច អនុញ្ញាតឲ្យខ្លួន ប្រើ អាវុធធន់ធ្ងន់ បាញ់ រយៈ ចម្ងាយ ឆ្ងាយ ហើយ និង សុំ បន្ថែមជំនួយ សព្វាវុធឲ្យ ច្រើន ។ ជាផ្លូវការ អ៊ុយក្រែន មិនដែល សុំ ឲ្យ កងទ័ព អាមេរិក ឲ្យ ជួយ ច្បាំង នៅ សមរភូមិ ជំនួស នោះទេ ។

ក្នុង ឱកាសយុទ្ធនាការ បោះឆ្នោត នាពេល កន្លងទៅ លោក ដូណាល់ ត្រាំ បាន ប្រកាស ក្តែងៗថា បើ លោក ឈ្នះ ឆ្នោតធ្វើ ជា ប្រធានាធិបតី លោក នឹង ពន្លត់ ភ្លើង សង្គ្រាម អ៊ុយក្រែន ត្រឹមតែក្នុងពេល ១ថ្ងៃ។ ក៏ប៉ុន្តែ ប្រធានាធិបតី ជាប់ ឆ្នោតរូបនេះ នៅមិនទាន់ បាន ពន្យល់ លម្អិត ថា ត្រូវ ធ្វើ ដូចម្តេចសោះ។

7news

N.0048

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top